(កំពង់ធំ)៖ មន្ត្រីរាជការចំនួន៤រូប ក្នុងខេត្តកំពង់ធំ ត្រូវបានប្រកាសចូលកាន់តំណែងថ្មី ជាអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ នៃមន្ទីរចំនួន៤ ក្រោមវត្តមានលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត។

មន្ត្រីទាំង៤រូបនេះ រួមមាន៖ ១. លោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ២. លោក លឹម ប៊ុនឈាន់ ប្រធានការិយាល័យ នៃមន្ទីរពាណិជ្ជកម្ម, ៣. លោកស្រី ម៉ៃ ម៉ារិន អនុប្រធានមន្ទីរព័ត៌មាន និង៤. លោក ឌិន មករា អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ នៃមន្ទីរមុខងារសាធារណៈ។

ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។ បន្ទាប់ពីលោក ឌឹប គឹមហុង បានអានដីកាតែងតំាងរួចមក និងពិធីប្រគល់នូវដីកាតែងតំាងដល់សាម៉ីខ្លួន លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានសម្តែងនូវការអបអរសាទរចំពោះមន្រ្តីរាជការ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីនៅពេលនេះ ហើយការតែងតាំង ការប្រគល់ភារកិច្ច និងរៀបចំមុខតំណែងមន្រ្តីរាជការ គឺជាដំណើរការជាធម្មតាក្នុងការគ្រប់គ្រង ដឹកនាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ដូចបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ដែលដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ឈុន ឈន់ ក៏បានជំរុញដល់ប្រធានមន្ទីរអង្គភាពទាំងអស់ ត្រូវចេះបែងចែកការងារទៅឲ្យមន្ត្រីក្រោមឱវាទ ស្របទៅតាមលក្ខខណ្ឌការងាររបស់មន្ត្រីរាជការស៊ីវិល ហើយមន្ត្រីទាំងនោះ ត្រូវខិតខំពង្រឹងនូវសមត្ថភាពរបស់ខ្លួន ខិតខំរៀនសូត្រ ក្រេបយកបទពិសោធន៍ និងចំណេះដឹងពីមន្ត្រីចាស់ ទៅតាមជំនាញរបស់ខ្លួន ដើម្បីឲ្យដំណើរការការងារ ប្រព្រឹត្តទៅដោយដំណើរល្អ និងមានការរីកចម្រើននៅក្នុងអង្គភាពឲ្យបានប្រសើរឡើង។

បន្ថែមពីនេះ លោក សុខ លូ និងលោក ឈុន ឈន់ ក៏បានផ្តាំផ្ញើដល់មន្រ្តីរាជការដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋឲ្យបានល្អត្រឹមត្រូវ និងទាន់ពេលវេលា។

លោក ឈរ បៀនគង់ ដែលទើបចូលកាន់មុខតំណែងថ្មី បានប្តេជ្ញាខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត រក្សាចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំបំពេញភារកិច្ចទ្វេរដង ដោយគោរពគោលការណ៍របស់រដ្ឋ ជាពិសេសបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវាល លើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាព និងអនុវត្តយ៉ាងខ្ចាប់ខ្ចួន តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រគល់ជូន៕