(ភ្នំពេញ)៖ លោក ណេប​ សាមុត អគ្គលេខាធិការនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ក្រសួងទេសចរណ៍ បានរកឃើញ មូលដ្ឋានអាជីវកម្មទេសចរណ៍៩៦ ឆ្លងវគ្គជម្រុះចលនាប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អ ក្នុងសេវាទេសចរណ៍លើកទី១។

ការរៀបចំកិច្ចប្រជុំវាយតម្លៃវគ្គជម្រុះចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ លើកទី១ បានធ្វើឡើងនាថ្ងៃទី០៥ ខែកញ្ញា នៅទីស្តីការក្រសួងទេសចរណ៍រាជធានីភ្នំពេញ ដោយមានការចូលរួមពីបេក្ខភាពចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ ដែលជាប់ក្នុងការជ្រើសរើសវគ្គដំបូងចំនួន៩៦បេក្ខភាព។

លោក ណេប​សាមុត បានថ្លែងឱ្យដឹងថា នីតិវិធីនៃចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍លើកទី១នេះ មាន០៥ដំណាក់កាលរួមមាន៖

* ដំណាក់កាលទី១៖ មន្ទីរទេសចរណ៍រាជធានី-ខេត្ត បានជ្រើសរើសបេក្ខភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមចលនាប្រឡង ប្រណាំងបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍ស្របទៅតាមគោលការណ៍ណែនាំស្តីពី បដិសណ្ឋារកិច្ចល្អប្រមាណ២៥០ទីតាំង។

* ដំណាក់កាលទី២៖ ក្រសួងទេសចរណ៍បានធ្វើសម្រង់បេក្ខភាព (Shortlist) ដោយផ្នែកលើគុណវឌ្ឍសក្តិសម ក្នុងការបម្រើសេវាប្រកប ដោយបដិសណ្ឋារកិច្ចល្អ ជូនភ្ញៀវទេសចរ និងទទួលបានចំនួន ៩៦ ទីតាំង (ក្នុងនោះមាន៖​សណ្ឋាគារ៤៩កន្លែង, ភោជនីយដ្ឋាន៣៣កន្លែង, ស្ប៉ា និងម៉ាស្សា០៧កន្លែង, សេវាដឹកជញ្ជូន០៨កន្លែង, មណ្ឌលកម្សាន្ត០៤ កន្លែង និងរមណីយដ្ឋាន០២ កន្លែង)។

*ដំណាក់កាលទី៣៖​បេក្ខភាពបានជាប់ក្នុងបញ្ជីសម្រង់ដំបូង (Shortlist) ទាំង៩៦ខាងលើនោះ តម្រូវឱ្យបំពាក់នូវបពា្ឈរ QR Code សម្រាប់ដាក់លើតុ ឬឯកសារផ្សព្វផ្សាយចាំបាច់នានាដែលអនុញ្ញាតឱ្យភ្ញៀវទេសចរចូលរួមផ្តល់មតិយោបល់លើការបម្រើសេវា របស់ខ្លួនយ៉ាងតិច២៥០ មតិយោបល់ ទើបត្រូវបានជ្រើសរើសបេក្ខភាពផ្លូវការក្នុងការប្រកួតប្រជែងបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ ហើយបេក្ខភាពទាំង៩៦នោះ ត្រូវបានប្រជុំបណ្តុះបណ្តាល និងណែនាំលំអិតអំពីការប្រើប្រាស់ប្រព័ន្ធ QR Code​ និង App ប្រឡងប្រណាំងក្នុងការប្រជុំនាថ្ងៃនោះផងដែរ។

* ដំណាក់កាលទី៤៖ បន្ទាប់មកបេក្ខភាពផ្លូវការទាំងអស់នឹងត្រូវធ្វើការផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់ក្រសួងទេសចរណ៍ និងគេហទំព័រ បដិសណ្ឋារកិច្ចល្អ ឬ App បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមផ្តល់មតិយោបល់វាយតម្លៃ (Vote)​ លើការបម្រើសេវាប្រកបដោយបដិសណ្ឋារកិច្ច ល្អរបស់ខ្លួនរហូតដល់ពាក់កណ្តាលខែតុលា ឆ្នាំ២០១៨ ខាងមុខនោះ។

* ដំណាក់កាលទី៥៖ ក្រសួងទេសចរណ៍ នឹងប្រកាសលទ្ធផលជ័យលាភី «បដិសណ្ឋារកិច្ចល្អក្នុ​ងវិស័យ​ទេសចរណ៍» លើកទី១ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។

លោក ណេប​សាមុត បានបញ្ជាក់ថា ការគាំទ្រចលនាប្រឡងប្រណាំង «បដិសណ្ឋាកិច្ចល្អក្នុងវិស័យទេសចរណ៍ ដើម្បីកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅ ចងចាំដល់ភ្ញៀវទេសចរ»។ កម្ពុជា៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ៕