Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គការគ្រួសារថ្មី ប្រកាសផ្សព្វផ្សាយរកកុមារពិការភ្នែក និងកុមារគរថ្លង់ ដើម្បីយកទៅបង្ហាត់បង្រៀនឲ្យដូចកុមារដទៃទៀត

07-09-2018 08:23

(ស្ទឹងត្រែង)៖ ក្រុមសម្តែងសិល្បៈអប់រំកុមារពិការភ្នែក និងកុមារគរថ្លង់ បានធ្វើយុទ្ធនាការផ្សព្វផ្សាយស្វែងរកកុមារពិការភ្នែក និងកុមារគរថ្លង់នៅស្រុកក្រុងទាំង៥ របស់ខេត្តស្ទឹងត្រែង ដើម្បីបង្ហាត់បង្រៀនកុមារទាំងនោះ ឲ្យចេះរាំច្រៀង ក្នុងន័យលើកកម្ពស់កុមារ ដែលគរថ្លង់ពិការភ្នែក។

ការផ្សព្វផ្សាយនោះ បានធ្វើឡើងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ខណៈយុទ្ធនាការនេះ បានរៀបចំឡើងដោយអង្គការគ្រួសារថ្មី នៅក្នុងសាលាបឋមសិក្សាសម្តេចក្រុមព្រះ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ក្រុងស្ទឹងត្រែង។

ក្នុងការផ្សព្វផ្សាយនោះ ក្រុមការងាររបស់អង្គការគ្រួសារថ្មី បានអំពាវនាវរកកុមារពិការភ្នែក និងកុមារគរថ្លង់នៅក្នុងស្រុកក្រុងទាំង៥ របស់ខេត្តស្ទឹងត្រែង បើនៅក្នុងស្រុកណាមានកុមារពិការភ្នែក និងកុមារគរថ្លង់ចាប់ពី៥នាក់ ចាប់ពីអាយុ១៣ឆ្នាំចុះក្រោម ក្រុមការងារអង្គការគ្រួសារថ្មី នឹងបង្កើតថ្នាក់សមាហរណកម្ម ជាមួយសាលាដើម្បីផ្តល់ការរៀនសូត្រ ជូនកុមារពិការភ្នែក និងកុមារគរថ្លង់ដូចសិស្សដទៃទៀត។

គួរបញ្ជាក់ថា ការផ្សព្វផ្សាយរកកុមារពិការភ្នែក និងកុមារគរថ្លង់ខាងលើនោះ ដើម្បីបង្ហាត់បង្រៀនពួកគាត់ ឲ្យចេះដូចកុមារធម្មតា ដែលមានដូចជារបាំកុមារពិការ ច្រៀងចម្រៀង និងសម្បែងសិល្បៈ ជាច្រើនថែមទៀតផងដែរ៕