(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ដំណើរកំសាន្ដ របស់អតិថិជនឆ្នើមរបស់ខ្លួន ទៅដើរលេងកំសាន្ដក្នុងប្រទេសអឺរ៉ុប និងប្រទេសឌូបៃនាពេលថ្មីៗនេះ ក្រុមហ៊ុនស្រាបៀរកម្ពុជា នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជូនអតិថិជនចំនួន១៨០នាក់ទៀត ទៅកាន់ប្រទេសទេសកូរ៉េខាងត្បូង។
ដំណើរកំសាន្ដក្នុងប្រទេសកូរ៉េនេះ គ្រោងធ្វើឡើងរយៈពេល៤ថ្ងៃ ដោយអតិថិជនឆ្នើមទាំងអស់ ត្រូវចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ និងត្រឡប់មកវិញនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ។ គោលបំណងដែលក្រុមហ៊ុនស្រាបៀរកម្ពុជា បញ្ជូនអតិថិជនខ្លួនទៅដើរលេងកំសាន្ដ តាមបណ្ដាប្រទេសផ្សេងៗនេះ គឺដើម្បីផ្តល់ឱកាសដល់ពួកគេ បានស្គាល់នូវវប្បធម៌ប្រពៃណី របៀបរបបនៃការរស់នៅ រួមជាមួយគំនិតនៃការធ្វើជំនួយពាណិជ្ជកម្ម របស់ប្រជាជនតាមបណ្ដាប្រទេសផ្សេងៗ ព្រមទាំងប្រទេសកូរ៉េដែលជាប្រជាជាតិមួយដ៏ទំនើប និងស៊ីវីល័យស្ទើរគ្រប់វិស័យ។
អតិថិជនឆ្នើមដែលត្រូវបានជ្រើសរើស សម្រាប់ដំណើរកម្សាន្តនេះ គឺសុទ្ធសឹងតែជាអតិថិជនដែលបានជាវ និងចែកចាយនូវផលិតផល ក្រុមហ៊ុនខ្មែរប៊ែវើរិចជិស គ្រប់ចំនួននៃការកំនត់របស់ក្រុមហ៊ុន សម្រាប់ឆមាសកន្លងមក។
លោក លាង ពៅ ក្នុងឱកាសចេញដំណើរទៅកម្សាន្តប្រទេសកូរ៉េខាងត្បូង ជាមួយអតិថិជនឆ្នើមប្រចាំឆ្នាំ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា បានថ្លែងថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនតែងតែរៀបចំដំណើរកម្សាន្តទៅកាន់គោលដៅល្បីៗ នៅលើពិភពលោកសម្រាប់អតិថិជន។ ក្នុងដំណើរកម្សាន្តនេះ ក្រុមហ៊ុននឹងនាំអតិថិជនទៅទស្សនាតំបន់ទេសចរណ៍ល្បីៗមួយចំនួន ក្នុងប្រទេសកូរ៉េខាងត្បូង ដែលរួមមានដូចជា ព្រះរាជវាំងក្យុងបុក ប៉មសេអ៊ូល កោះណាមី និងសួនកំសាន្តអេវើលែនជាដើម។
លោកបន្តថា មូលហេតុនៃការរៀបចំដំណើរកម្សាន្តនេះឡើង ដើម្បីអរគុណអតិថិជនឆ្នើមប្រចាំឆ្នាំ ដែលតែងតែជឿជាក់លើផលិតផល របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ហើយព្យាយាមជួយជ្រោមជ្រែង វាយដណ្តើមទីផ្សារឲ្យស្រាបៀរកម្ពុជា និងផលិតផលភេសជ្ជៈផ្សេងៗរបស់ក្រុមហ៊ុន ឲ្យទទួលបានជោគជ័យ និងការគាំទ្រ ពីអតិថិជនក្នុងស្រុក ទូទាំងប្រទេស។ គោលបំណងពីរទៀតនៃដំណើរកម្សាន្តនេះ គឺលើកទឹកចិត្តអតិថិជនឆ្នើម ឲ្យខិតខំប្រឹងបន្តទៀតនៅឆ្នាំក្រោយ ដើម្បីជោគជ័យទាំងអស់គ្នា និងដើម្បីបង្កើតអនុស្សាវរីយល្អៗជាមួយគ្នា។
អគ្គនាយកក្រុមហ៊ុនរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងដំណើរកម្សាន្តដ៏ពិសេសមួយនេះ យើងនឹងនាំអតិថិជនយើង ទៅកាន់តំបន់ទេសចរណ៍ ដែលពេញនិយមបំផុតក្នុងប្រទេសកូរ៉េ គឺកោះណាមី ដែលជាតំបន់ធម្មជាតិស្រស់ត្រកាល និងរ៉ូមែនទិកបំផុត ហើយជាពិសេសកោះនេះជាកន្លែងថតខ្សែភាយន្តកូរ៉េដ៏ល្បីឈ្មោះ។ មិនតែប៉ុណ្ណោះ ពួកគាត់ក៏អាចទស្សនាទេសភាពដ៏អស្ចារ្យ នារដូវស្លឹកឈើជ្រុះផងដែរ»។
លោកបន្តថា «យើងក៏នឹងទៅទស្សនាគោលដៅដ៏អស្ចារ្យមួយចំនួនទៀត រួមមានដូចជា ព្រះរាជវាំងក្យុងបុក សារៈមន្ទីជាតិ សួនកំសាន្តអេវើលែន និងប៉មសេអ៊ូ។ បន្ថែមពីនេះ យើងនឹងជូនអតិថិជនដើរកម្សាន្តទិញទំនិញនៅហាងល្បីៗ និងទទួលយកបទពិសោធន៍ថ្មី ជាមួយនឹងការរៀនធ្វើគីមឈី ដែលជាម្ហូបល្បីប្រចាំប្រទេសកូរ៉េ។
ក្រុមហ៊ុនស្រាបៀរកម្ពុជា តែងផ្តល់ជូនអតិថិជននូវអ្វីដែលល្អជាងគេ និងចង់ឲ្យពួកគាត់បង្កើតនូវអនុស្សាវរីយ៍ល្អៗ នៅកន្លែងដែលមានទេសភាពស្រស់ត្រកាល ហេតុដូច្នេះបានជាយើងសម្រេចនាំអតិថិជនទៅប្រទេសដ៏ស្រស់ស្អាតមួយនេះ»។
សូមបញ្ជាក់ថា អ្នកមានសំណាងទទួលបាន ដំណើរកំសាន្ដទេសចរណ៍ទាំង១៨០នាក់នេះ សុទ្ធតែជាអាជីវករឆ្នើម លក់បានគ្រប់ចំនួនកំណត់ ដែលក្រុមហ៊ុនដាក់ឲ្យ។ មួយវិញទៀតនេះ ជាការលើកទឹកចិត្តដល់ពួកគេ ដែលតែងតែជួយក្រុមហ៊ុន ក្នុងការចែកចាយផលិតផលរបស់ខ្លួន៕