(តាកែវ)៖ ឱកាសការងារដ៏ច្រើនមុខតំណែងសម្រាប់អ្នករស់នៅក្នុងខេត្តតាកែវ ពីកម្មវិធីវេទិកាការងាររបស់មជ្ឈមណ្ឌលការងារខេត្តតាកែវ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ដែលមានការសហការរៀបចំពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែន តាកែវ និងរោងចក្រ YAZAKI តំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ដែលកំពុងមានតម្រូវការជ្រើសរើសកម្មករ-កម្មរការិនី ជាច្រើននាក់បន្ទាន់។
ដូច្នេះ សម្រាប់អ្នកកំពុងស្វែងរកការងារធ្វើកុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ទៅចូលរួមជាមួយកម្មវិធីនេះ ដែលមានទៅតាំងស្ថិតនៅភូមិ៣ សង្កាត់រការក្នុងក្រុងដូនកែវ ខេត្តតាកែវ ចាប់ពីម៉ោង៨៖00ព្រឹក ដល់១១៖៣០នាទីព្រឹក។
លោក ហ៊ុយ លុច ប្រធានមជ្ឈមណ្ឌលការងារខេត្តតាកែវ បញ្ជាក់ថា «គោលបំណងដែលរៀបចំវេទិកាការងារនេះ ដើម្បីជួយដល់អ្នកមិនទាន់មានការងារធ្វើ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តតាកែវផ្ទាល់ អាចទទួលបានឱកាសការងារ និងប្រាក់ខែសមរម្យ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ »។ លោក ហ៊ុយ លុច ក៏បានអំពាវនាវដល់យុវជន ពិសេសអ្នកកំពុងស្វែងរកការងារធ្វើ សូមមកចូលរួម ដាក់ពាក្យផ្ទាល់ សម្ភាសផ្ទាល់ជាមួយ អ្នកតំណាងពីបណ្តារោងចក្រទាំងនេះ »។
កន្លងមកមជ្ឈមណ្ឌលការងារខេត្តតាកែវ គឺជាផ្នែកមួយរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលបន្ទុកស្វែងរកការងារជូនប្រជាពលរដ្ឋ និងជ្រើសរើសកម្លាំងពលកម្មសម្រាប់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសនៅក្នុងខេត្តតាកែវផងដែរ។
ហេតុនេះ សម្រាប់សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ ស្វែងរកការងារធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្មអាចទទួលបានសេវាផ្តល់ជូនដោយរាជរដ្ឋាភិបាលដោយមិនគិតកម្រៃ សម្រាប់មជ្ឈមណ្ឌលការងារខេត្តតាកែវតាមរយៈលេខទូរស័ព្ទ៖ ០១៦ ៦៧ ៦៦ ៥៥/ ០៣២ ២១០ ២៧៧ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល។
គួរបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (ទ.ជ.ម.ក) ជាស្ថាប័នមួយ ដែលស្ថិតនៅក្រោមគណៈ កម្មាធិការជាតិបណ្តុះបណ្តាល នៃទីស្តីការគណៈរដ្ឋមន្ត្រី។ ទ.ជ.ម.ក ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យ លេខ៦៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៩ ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាព័ត៌មានទីផ្សារការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីផ្តល់ឱកាសឱ្យអ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការ អប់រំបណ្តុះបណ្តាល មានលទ្ធភាពទទួលបានព័ត៌មានពីគ្នាទៅវិញទៅមក។
បច្ចុប្បន្នទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបង្កើតមជ្ឈមណ្ឌលការងារក្រោមឱវាទនៅតាមបណ្តាខេត្តចំនួន១១ ក្នុងនោះមានខេត្តកំពង់ចាម កំពង់ធំ, សៀមរាប, ព្រៃវែង, ស្វាយរៀង, តាកែវ, កំពត, បាត់ដំបង, បន្ទាយមានជ័យ, ខេត្តព្រះសីហនុ និងក្រុងភ្នំពេញ ដើម្បីប្រតិបត្តិការផ្សព្វផ្សាយ ពីព័ត៌មានការងារនៅក្នុងស្រុកឲ្យដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងពិសេសដើម្បីកាត់បន្ថយអត្រាអ្នកអត់ការងារធ្វើ ប្រកបដោយប្រសិទ្ធភាព៕