(បេកាំង)៖ កិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូថ្នាក់តំបន់ ឬ RCEP អាចនឹងត្រូវបានចិនប្រើប្រាស់ជាមធ្យាបាយថ្មីមួយ ដើម្បីទប់ទល់នឹងគំនិតគាំពារនិយមរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាមអ្នកជំនាញ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨។
លោកស្រី ជិន ហ្វេងយីង (Chen Fengying) ជាអ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានចិនសម្រាប់ទំនាក់ទំនងអន្តរជាតិ លើកឡើងបែប នេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik នៅក្នុងសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះលោកស្រី Chen បានបញ្ជាក់យ៉ាងដូច្នេះថា «គោលនយោបាយដំឡើងពន្ធរបស់លោក ត្រាំ និងការប្រកាសដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង TPP ជាដើម គឺជាសុទ្ធតែជាឱកាសមួយសម្រាប់ចិន ទាញយកប្រយោជន៍ តាមរយៈការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀង RCEP ជាមួយបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី យ៉ាងយូរនៅត្រឹមឆ្នាំ២០១៩»។
លោកស្រី Chen បន្ថែមថា ការបង្កើតមធ្យោបាយថ្មី ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក ត្រូវការចាំបាច់មានការចូលរួមពី ចិនជាមហាអំណាចសេដ្ឋកិច្ចលេខ ២ និងជប៉ុនដែលជាមហាអំណាចសេដ្ឋកិច្ចទី ៣ នៅលើពិភពលោក ខណៈគោល នយោបាយគាំពារនិយមរបស់លោក ត្រាំ បានបង្ខំឱ្យជប៉ុនចូលរួមក្នុងកិច្ចព្រមព្រៀង RCEP កាលពីខែកក្កដាកន្លងទៅ ។
«យើងកំពុងមានការព្រួយបារម្ភជាខ្លាំង ចំពោះការកើនឡើងនៃគំនិតគាំពារនិយមនៅលើពិភពលោក... ដូច្នេះយើងទាំងអស់គ្នានៅក្នុងតំបន់អាស៊ី ត្រូវតែរួបរួមគ្នា ពីព្រោះអនាគតរបស់យើង គឺអាស្រ័យលើថាតើយើងអាចរក្សាគោលជំហរ ធ្វើពាណិជ្ជកម្មសេរី និងស្មោះត្រង់បានដែរ ឬទេ»។ នេះគឺជាការគូសបញ្ជាក់របស់នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ។
គួរបញ្ជាក់ថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយរវាងសមាគមអាស៊ាន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិកចំនួន០៦ រួមមាន អូស្រ្ដាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។ ចំណែកឯកិច្ចប្រជុំស្ដីពីកិច្ចព្រមព្រៀងនេះ បានចាប់ផ្ដើមជាផ្លូវការកាលពីឆ្នាំ២០១២ នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសកម្ពុជា៕