(ព្រះវិហារ)៖ រូបសំណាកលោកតាសួង ឬអ្នកសញ្ចាំងភ្នំត្បែង ត្រូវបានធ្វើការសាងសង់នៅរង្វង់មូលស្រុកគូលែន ដើម្បីទុកជាទីសក្ការៈសម្រាប់ប្រជាពលរដ្ឋគោរពបូជា។ ការសាងសង់នេះ គឺក្រោមគំនិតផ្តួចផ្តើមរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងមានការជួយឧបត្ថម្ភថវិកា ចូលរួមកសាងដោយសប្បុរសជនជាច្រើនរូបទៀត។

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ រួមជាមួយលោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានអញ្ជើញចុះពិនិត្យមើលសកម្មភាពសាងសង់រូបសំណាកលោកតាសួង និងបានរៀបចំជើងពានទ្ររូបសំណាកលោកតាសួង ដើម្បីការពារកុំក្មេងលេង ឫក៏រុញច្រានបណ្តាលឲ្យដួលនាំឲ្យ មានការខូចខាត។ ជាមួយគ្នានោះ លោកអភិបាលខេត្ត និងក្រុមការងារក៏បានអុជធូបសុំសេចក្តីសុខសេចក្តីចំរើន ពីបារមីលោកតាសួងសម្រាប់ប្រជាពលរដ្ឋខេត្តព្រះវិហារ និងប្រជាពលរដ្ឋខ្មែរទូទៅផងដែរ។

បើតាមការឲ្យដឹងពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាអ្នកទទួលការសាងសង់រូបសំណាក លោកតាសួងនេះ បានប្រាប់ឲ្យដឹងថា ការកសាងរូបសំណាកលោកតាសួង ឬអ្នកសញ្ចាំងភ្នំត្បែងនេះ គឺក្រោមគំនិតផ្តួចផ្តើមរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ហើយថវិកាសម្រាប់សាងសង់នេះ គឺមួយផ្នែកជាថវិការបស់លោកអភិបាលខេត្ត និងក្រុមគ្រួសារ និងថវិការបស់លោកផ្ទាល់ ហើយក៏មានការចូលរួមពីសប្បុរសជនជាច្រើនទៀតផងដែរ។

លោក សំ លាងទ្រី បានឲ្យដឹងទៀតថា រូបសំណាកលោកតាសួងនេះ គឺចាប់ផ្តើមសាងសង់នៅខែមេសាឆ្នាំ២០១៨ គ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។

សូមបញ្ជាក់ថា នៅក្នុងខេត្តព្រះវិហារ ដែលជាខេត្តសំបូរ ដោយប្រាសាទបុរាណជាច្រើននោះ សុទ្ធតែកកើតឡើងដោយស្នាដៃវិរៈបុរសខ្មែរ ហើយក្នុងនោះក៏មានវិរៈបុរសខ្លាំងពូកែជាច្រើនរូបទៀត បានលះបង់ជីវិតក្នុងការការពារប្រាង្គប្រាសាទទាំងនោះ មិនឲ្យសត្រូវណាមកបំផ្លិចបំផ្លាញបានឡើយ។ ដូច្នេះរហូតមកដល់បច្ចុប្បន្ននេះ រូបសំណាកវិរបុរសខ្លាំងពូកែជាច្រើនរូបត្រូវបានក៏សាងឡើង ក្នុងន័យឲ្យកូនខ្មែរជំនាន់ក្រោយ បានស្គាល់ និងគោរពបូជា តួយ៉ាងដូចជារូបសំណាកលោកតាឌី រូបសំណាកអ្នកសញ្ចាំងភ្នំត្បែងក៏ដូចជា រូបសំណាកផ្សេងៗជាច្រើនទៀត ដែលមានមហិទ្ធិរឹទ្ធខ្លាំងពូកែទុកជាទីសក្ការៈផងដែរ៕