ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងអញ្ជើញទៅចូលរួមខួប៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េខាងជើង
06-09-2018 18:26
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ត្រូវបានព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា សព្វព្រះរាជហឫទ័យប្រោសអនុញ្ញាត ឱ្យធ្វើជាតំណាងរបស់ទ្រង់ ទៅចូលរួមខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិត កូរ៉េខាងជើង តបតាមការអញ្ជើញរបស់លោក គីម យុងណាម ប្រធានសភាជាន់ខ្ពស់របស់កូរ៉េខាងជើង។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងធ្វើដំណើរចេញពីកម្ពុជា នៅវេលាថ្ងៃត្រង់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ស្អែកនេះ ដើម្បីចូលរួមថ្ងៃខួប៧០ឆ្នាំ របស់សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េខាងជើង ដែលនឹងប្រព្រឹត្តឡើងនៅទីក្រុងព្យុងយ៉ាង ថ្ងៃទៅ៩ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។
បន្ទាប់ពីបញ្ចប់បេសកកម្មឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញអមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីបើក «ពិព័រណ៍ចិន-អាស៊ាន លើកទី១៥» នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសារធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ផងដែរ៕