(ភ្នំពេញ)៖ ក្បាលម៉ាស៊ីនសម្រាប់ដឹកនាំរដ្ឋសភា និងសមាសភាពរាជរដ្ឋាភិបាល បានលេចរូបរាងជាផ្លូវការហើយ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងសម័យប្រជុំលើកទី១ របស់រដ្ឋសភា នីតិកាលទី០៦ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានឈ្នះក្នុងការបោះឆ្នោតសកល ដោយទទួលបានសំឡេងគាំទ្រច្រើនលើសលប់ពីប្រជាពលរដ្ឋ។
សម្រាប់ការដឹកនាំស្ថាប័នរដ្ឋសភា ជាស្ថាប័នអនុម័តច្បាប់ តំណាងរាស្រ្តទាំងអស់១២៥រូប បានបោះឆ្នោតកញ្ចប់គាំទ្រសម្តេច ហេង សំរិន ឱ្យធ្វើប្រធានរដ្ឋសភា ហើយគាំទ្រលោក ងួន ញ៉ិល ជាអនុប្រធានទី១នៃរដ្ឋសភា និងលោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា។ ដោយឡែកសម្រាប់ប្រធានគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភាក៏បានរៀបចំរួចហើយដែរ ក្នុងនោះរួមមាន៖
១៖ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា។
២៖ លោក ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា។
៣៖ លោក ជា វណ្ណដេត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា។
៤៖ លោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា។
៥៖ លោក ឈាង វុន ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា។
៦៖ លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា។
៧៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា។
៨៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា។
៩៖ លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា។
១០៖ លោក ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា។
ចំពោះថ្នាក់ដឹកនាំ និងសមាជិករាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៦ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី អមដោយឧបនាយករដ្ឋមន្រ្តីចំនួន១០រូប ទេសរដ្ឋមន្រ្តីចំនួន១៧រូប និងរដ្ឋមន្រ្តីចំនួន២៩រូប។ សមាសភាពរាជរដ្ឋាភិបាលអាណត្តិទី០៦នេះ មិនមានរដ្ឋលេខាធិការ ដូចអាណត្តិទី០៥ទេ. ឧបនាយករដ្ឋមន្រ្តីត្រូវបានដំឡើងថ្មីចំនួន៣រូប រួមមាន លោក ប្រាក់ សុខុន, លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ជា សុផារ៉ា។ ចំណែកទេសរដ្ឋមន្រ្តីកើនពី១៥នាក់ ទៅ១៧នាក់។ ក្រៅពីនេះរាជរដ្ឋាភិបាល ក៏តែងតាំងរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីចំនួន១៩នាក់
ទន្ទឹមគ្នានឹងការរៀបចំនេះ, ព្រះមហាក្សត្រ តាមសំណើរាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រាស់បង្គាប់តែងតាំងមេទ័ពថ្មី៣រូបផងដែរ។ មេទ័ពថ្មីទាំង៣រូបនោះរួមមាន ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងជា នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។
ព័ត៌មានផ្សេងៗទៀត ដែលធ្វើឱ្យសារព័ត៌មានកាន់តែចាប់អារម្មណ៍ សម្រាប់ការរៀបចំ សមាសភាពរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ រួមមានដូចជា៖
* លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការទី០៧ នៃរដ្ឋសភាសម្រាប់អាណត្តិទី០៦ គឺគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។
* លោក ស សុខា អតីតតំណាងរាស្ដ្រមណ្ឌលព្រៃវែង នៅអាណត្តិទី៥ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងទៅជា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា សម្រាប់អាណត្តិទី៦។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន រួមទាំងថ្នាក់ដឹកនាំ និងសមាជិករាជរដ្ឋាភិបាល អាណត្តិថ្មី បានចូលធ្វើសច្ចាប្រណិធាន នៅក្នុងព្រះបរមរាជវាំង មុខព្រះភក្រ្តព្រះមហាក្សត្រ ដើម្បីចូលកាន់តំណែងរបស់ខ្លួន។
ពាក្យពេចន៍នៃការធ្វើសច្ចាប្រណិធាត រាជរដ្ឋាភិបាលអាណត្តិថ្មីរួមមានខ្លឹមសារដូចតទៅ៖
««ទូលព្រះបង្គំ យើងខ្ញុំ នាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាល សូមធ្វើសច្ចាប្រណិធាន នៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វតច្ឆត្រ ដូចតទៅ៖
ក្នុងពេលប្រតិបត្តិការតាមមុខតំណែងខ្លួន និងក្នុងការបំពេញបេសកម្ម ដែលប្រជារាស្ដ្រកម្ពុជា បានប្រគល់ជូនចំពោះទូលព្រះបង្គំយើងខ្ញុំគ្របៗរូប ទូលព្រះបង្គំយើងខ្ញុំ សូមប្ដេជ្ញាគោរពធម្មនុញ្ញ បម្រើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវផលប្រយោជន៍របស់ប្រជារាស្ដ្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។
* ទូលព្រះបង្គំយើងខ្ញុំ សូមប្ដេជ្ញាប្ដូរផ្ដាច់ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវ៖
* ឯករាជ្យភាពទាំងស្រុង នៃមាតុភូមិកម្ពុជា អធិបតេយ្យភាពជាតិពេញបរិបូរណ៍
* បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មានក្នុងជំនាន់ឆ្នាំ១៩៦៣ ដល់ ១៩៦៩
* ឯកភាពជាតិ ហើយមិនអនុញ្ញាតឲ្យមានការបែងចែក ឬការធ្វើអបគមន៍ណាមួយឡើយ។
* ទូលបង្គំយើងខ្ញុំ សូមបេ្ដជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវអព្យាក្រឹតភាព និងភាពមិនចូលបក្សសម្ព័ន្ធ សម្រាប់កម្ពុជា ហើយមិនអនុញ្ញាជាដាច់ខាត ឲ្យជនណាមួយក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្ដរជាតិរបស់កម្ពុជាបានឡើយ។ ទូលព្រះបង្គំយើងខ្ញុំមិនបម្រើជាដាច់ខាតនូវផលប្រយោជន៍បរទេស ហើយធ្វើឲ្យខូចខាតដល់ផលប្រយោជន៍របស់ប្រជារាស្ដ្រ ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ។
* ក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិ និងអន្ដរជាតិទូលព្រះបង្គំយើងខ្ញុំ នឹងបំបាត់ចោលទាំងស្រុង នូវអំពើហិង្សាគ្រប់បែបយ៉ាង។ ប៉ុន្ដែព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុកនូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនឹងការរំលោភឈ្លានពានមកពីក្រៅ ដើម្បីការពារជាតិមាតុភូមិខ្លួន។
* ទូលព្រះបង្គំយើងខ្ញុំ សូមបេ្ដជ្ញាគោរពជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពយ៉ាងម៉ឺងម៉ាត់ ចំពោះសិទ្ធិមនុស្សដូចមានចែងក្នុងសេចក្ដីប្រកាសជាសកល ស្ដីអំពីសិទ្ធិមនុស្ស។
* ទូលព្រះបង្គំយើងខ្ញុំ សូមប្ដេជ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្ដិធម៌សង្គម ហើយតស៊ូដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្ដិភាពសង្គម និងសន្ដិភាពជាតិ ដើម្បីភាពសម្បូរសប្បាយ នៃប្រជារាស្ដ្រកម្ពុជា និងដើម្បីភាពរុងរឿងថ្កើងថ្កាន នៃមាតុភូមិកម្ពុជា ជាទីគោរពសក្ការៈ និងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំគ្រប់រូប»។
បន្ទាប់ពីធ្វើសច្ចាប្រណិធានហើយនោះ គណៈរដ្ឋមន្រ្តី អាណត្តិទី០៦ នឹងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ មុននឹងបំពេញការងារផ្សេងៗទៀត ដើម្បីបម្រើប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕