(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងមុខងារសាធារណៈ និងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិល ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត ប្រមាណ៥០០នាក់។
សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាពលោក ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋាន គ្រប់គ្រងមុខងារសាធារណៈ។
លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ AEU ថ្លែងថា ការរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណង ឱ្យនិស្សិតបានស្វែងយល់ពីតម្រូវការ ក្របខណ្ឌធនធានមនុស្ស របស់ក្រសួងស្ថាប័ននានាដល់និស្សិត។
លោកបណ្ឌិត បានធ្វើការអំពាវនាវ និងជំរុញលើកទឹកចិត្ត ដល់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្អូនៗនិស្សិត និងអ្នកសិក្សាទាំងអស់ ឱ្យយកការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ ឱ្យបានខ្លាំងពីការប្រឡង ជ្រើសរើសក្របខណ្ឌមន្ត្រីរាជការ តាមស្ថាប័នរដ្ឋ និងការប្រឡងចូល មន្ត្រីក្រមការនៅសាលាភូមិន្ទរដ្ឋបាល នាពេលខាងមុខផងដែរ។
លោក ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈថ្លែងថា ក្រសួងមុខងារសាធារណៈ ត្រូវបានបង្កើតឡើងជាលើកដំបូង ដោយព្រះរាជក្រមលេខ១៨១នស ចុះថ្ងៃទី០៥ ខែ មេសា ឆ្នាំ១៩៥៧ ដែលនៅពេលនោះមានឈ្មោះថា «មន្ទីរចាត់ការមុខក្រសួងសាធារណៈ» ហើយស្ថិតក្រោម ការគ្រប់គ្រងផ្ទាល់របស់នាយករដ្ឋមន្ត្រី។
លោកបានលើកឡើងទៀតថា ក្រសួងមុខងារសាធារណៈមាន បេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍ វិស័យមុខងារសាធារណៈប្រទេសកម្ពុជា ឲ្យឆ្លើយតបទៅនឹងតម្រូវការ ការអភិឌ្ឍជាតិព្រមទាំងស្របតាម ការវិវត្តន៍ជាអន្តរជាតិ៕