(សៀមរាប)៖ គណៈកម្មការមូលបត្រកម្ពុជា ក្នុងនាមជាសហប្រធាននៃក្រុមការងារអភិវឌ្ឍន៍ទីផ្សារមូលបត្រនៃវេទិកាទីផ្សារមូលធនអាស៊ាន រួមជាមួយគណៈកម្មការមូលបត្រម៉ាឡេស៊ី បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី រៀបចំសិក្ខាសាលាស្តីពី «សញ្ញាបណ្ណសាជីវកម្ម» សម្រាប់ក្រុមហ៊ុនបោះផ្សាយសក្តានុពល វិនិយោគិនសក្តានុពល និងស្ថាប័នពាក់ព័ន្ធផ្សេងៗ នៅរមណីយដ្ឋានសុខាសៀមរាប និងមជ្ឈមណ្ឌលសន្និសីទខេត្តសៀមរាប ក្រោមអធិបតីភាព លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា និងជាសហប្រធាននៃក្រុមការងារ A-MDP។
កម្មវិធីនេះ បានធ្វើឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសិក្ខាកាមដែលជាបុគ្គលសំខាន់ៗមកពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដែលសុទ្ធតែជាស្ថាប័នមានតួនាទីចម្បងក្នុងការអភិវឌ្ឍវិស័យមូលបត្រ ជាពិសេសសិក្ខាកាមដែលជាបុគ្គលសំខាន់ៗមកពីក្រុមហ៊ុនបោះផ្សាយសក្តានុពល និងវិនិយោគិនសក្តានុពល។
កម្មវិធីសិក្ខាសាលានេះ បានរៀបចំឡើងក្នុងទិសដៅដើម្បីអភិវឌ្ឍទីផ្សារសញ្ញាបណ្ណសាជីវកម្ម និងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងជម្រើសហិរញ្ញប្បទានតាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្ម ដោយបានផ្តោតជាសំខាន់ទៅលើ៖
១៖ កំណើន និងការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណក្នុងប្រទេសអាស៊ានក្នុងរយៈពេលពីរទស្សវត្សចុងក្រោយ។
២៖ អត្ថប្រយោជន៍ និងដំណើរការនៃការបោះផ្សាយលក់សញ្ញាបណ្ណ។
៣៖ អាថ៌កំបាំងនៃការកៀរគរវិនិយោគិនស្ថាប័ន។
៤៖ តួនាទីនៃក្រុមការងារធានាឥណទាននិងវិនិយោគ និងនីតិវិធីនៃការយល់ព្រមធានាឥណទានសម្រាប់ក្រុមហ៊ុនបោះផ្សាយ។
៥៖ ការលើកឡើងពីករណីសិក្សាផ្សេងៗ ជាដើម ព្រមទាំងបានធ្វើបទបង្ហាញដោយវាគ្មិនជំនាញៗមកពីប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី ប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាស្ថាប័នអន្តរជាតិនានា ដែលមានបទពិសោធន៍យូរឆ្នាំ៕