(កំពត)៖ ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយមាស ៤៣គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ទ្រាក់រលំផ្ទះ និងប្រជាពលរដ្ឋចាស់ជរាពិការ ដែលប្រឈមបញ្ហាការខ្វះខាតជីវភាព បានទទួលអំណោយជាអង្ករ និងគ្រឿងឧបភោគ បរិភោគព្រមទាំងសម្ភារៈមួនចំនួន ពីលោកស្រី លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយសនៃគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត។
ការចុះចែកអំណោយដល់ប្រជាពលរដ្ឋនេះដែរ បានធ្វើឡើងនៅព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅបរិវេណវត្តអង្គខាងលិច ស្ថិតនៅឃុំវត្តអង្គខាងលិច និងនៅសាលាស្រុកបន្ទាយមាស ដោយមានការអមដំណើរដោយស្ថាប័នកាកបាទក្រហម សាខាខេត្ត និងមន្ត្រីពាក់ព័ន្ធដ៏ទៃជាច្រើនទៀតផងដែរ។
លោកស្រី លាង ហៃ ជាវ តាយ បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជូនចំពោះលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ ដែលមានវត្តមាន អញ្ជើញមកទទួលអំណោយ នាពេលនោះ។
លោកស្រីបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ខិតខំយកចិត្តទុកដាក់ជម្រុញលើការងារបង្កបង្កើនផលចិញ្ចឹមសត្វរួមផ្សំដើម្បីជួយសម្រាល ជីវភាពបងប្អូនកាន់តែប្រសើរឡើង និងមានការរស់នៅ ដោយលក្ខណៈអនាម័យស្អាត គឺហូបស្អាតផឹកស្អាត ដើម្បីបង្ការជំងឺផ្សេងៗ។
សូមជម្រាបថា អំណោយដែលបានឧបត្ថម្ភប្រជាពលរដ្ឋទាំងចំនួន៤៣គ្រួសារ ក្នុងមួយគ្រួសារ អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៉ីអ៉ីវ១យួរ ស្ករត្នោត១គីឡូក្រាម សាប៊ូ២ដុំ និងថវិកា៦ម៉ឺនរៀល។
ក្នុងនោះចំពោះគ្រួសាររងគ្រោះដោយខ្យល់បក់បោករលំផ្ទះចំនួន២គ្រួសារ ក្នុង១គ្រួសារៗទទួលបានប្រាក់បន្ថែម១លានរៀល និង២គ្រួសារទៀតបន្ថែម១គ្រួសារៗ ថវិកា៤០ម៉ឺនរៀលផងដែរ៕