(កណ្ដាល)៖ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ រួមនឹងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យការងារស្ថាបនាផ្លូវក្រវាត់ព្រំដែន ក្អមសំណ-បាក់ណាម ស្ថិតនៅស្រុកកោះធំ និងស្រុកលើកដែក ខេត្តកណ្តាល ដែលកងវិស្វកម្មរបស់នាយឧត្តមសេនីយ៍ កំពុងតែស្ថាបនាផ្លូវប្រដេញនឹងទឹកជំនន់។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ក៏បានជំរុញឱ្យគ្រប់ផ្នែកសាងសង់ផ្លូវក្រវាត់ព្រំដែន ក្អមសំណ-បាក់ណាមនេះ ត្រូវខិតខំយកចិត្តទុកដាក់លើកកម្ពស់គុណភាពផ្លូវ និងបង្កើនល្បឿនក្នុងសាងសង់ផ្លូវ ដើម្បីសម្រេចគោលដៅនាពេលខាងមុខ។
នារសៀលថ្ងៃដដែល នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានចូលរួមពិសាអាហារថ្ងៃត្រង់ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្ស ដែលទទួលការឧបត្ថម្ភទាំងស្រុងពីនាយឧត្តមសេនីយ៍ និងលោកស្រី ក្នុងការមកទស្សនកិច្ចសិក្សាក្នុងសារមន្ទីរជាតិ និងសារមន្ទីរគុកទួលស្លែង តាមការស្នើសុំរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
ក្រោយពិសាអាហារថ្ងៃត្រង់រួច នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានចូលរួមជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មកទស្សនកិច្ចសិក្សានៅសារមន្ទីរគុកទួលស្លែង ហើយដោយមានសំណូមពរពីសិស្សានុសិស្សចង់ស្គាល់ និងលេងនៅផ្សាអ៉ីអន២ ខណ្ឌសែនសុខ នាយឧត្តមសេនីយ៍ បានឯកភាពឱ្យក្រុមការងារជូនទៅផ្សារអ៉ីអន២ បន្ថែមទៀតផងដែរ ដំណើរទស្សនកិច្ចសិក្សាត្រូវបានបញ្ចប់នាវេលាម៉ោង ៦៖៣០នាទីល្ងាច ប្រកបដោយទឹកចិត្តជ្រះថ្លា អំណរគុណ ដឹងគុណ និងសប្បាយរីករាយបំផុត។
លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ មានការត្រេកអរយ៉ាងខ្លាំងចំពោះទឹកចិត្តរបស់នាយឧត្តមសេនីយ៍ និងលោកស្រី ដែលមានលះបង់ពេលវេលា ធនធាន ដើម្បីសម្រេចក្តីប្រាថ្នារបស់លោកគ្រូ អ្នកគ្រូ ជាពិសេសសិស្សានុសិស្សទាំងអស់៕