(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញជាអធិបតីភាពដើម្បីប្រកាសតែងតាំងមុខតំណែងដល់មេទ័ពថ្មីចំនួន៣រូប រួមមាន ឧត្តមសេនីយ៍ វង្ស ពិសេន, ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និង នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្ទាប់ពីមានព្រះរាជក្រឹត្យពីព្រះមហាក្សត្រ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
មេទ័ពថ្មីទាំង៣រូបនោះរួមមាន ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលត្រូវបានតែងតាំងជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង ដែលត្រូវបានតែងតាំងជា នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។
ការប្រកាសតែងតាំងមេទ័ពទាំង៣រូប នឹងធ្វើឡើងនៅវិមានសន្តិភាព ជាមួយនឹងការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី០៦ ដល់កងយោធពលខេមរភូមិន្ទផងដែរ៕