(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចាប់បញ្ជូនបុរសម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងលួចលុយក្រុមហ៊ុន ដោយសារយកលុយទៅលេងល្បែង។ ហើយសំណុំរឿងនេះ កំពុងស្ថិតក្រោមចំណាត់ការរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
បើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុក សុផាន់ណា អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះលេខ៣១ ផ្លូវលំ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅម្តុំស្ថានីយចាក់ប្រេងសូគីមិច ក្បែរអតីតរង្វង់មូលទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយបានប្តឹងចោទប្រកាន់ថា ជនសង្ស័យបានប្រមូលលុយពីអតិថិជនរបស់ក្រុមហ៊ុន មិនយកទៅបង់ឲ្យក្រុមហ៊ុន ម្តងហើយម្តងទៀត។
សមត្ថកិច្ចអាវុធហត្ថ បានឱ្យដឹងទៀតថា នៅចំពោះមុខមន្ត្រីជំនាញ ជនសង្ស័យសារភាពថា រូបគេយកលុយពីអតិថិជនរបស់ក្រុមហ៊ុនទៅលេងល្បែងអស់ហើយ និងគ្មានប្រាក់សងក្រុមហ៊ុនវិញទេ ទើបអាវុធហត្ថកសាងសំណុំរឿងបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕