(ព្រះសីហនុ)៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិន ចំនួន២នាក់ កំពុងដើរផ្សព្វផ្សាយចែកខិតប័ណ្ណ មានរូបអាសអាភាស បង្កប់ន័យបម្រើសេវាផ្លូវភេទ នៅចំណុចឆ្នេរអូរឈើទាល ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ នាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនជាតិចិនទាំង២នាក់នេះ ទី១៖ ឈ្មោះ HUANG JI ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន)។ និងទី២៖ ឈ្មោះ XIA LU ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែនជាប់ខ្លួន)។
ស្នងការខេត្ត បានបន្ថែមៀតថា ក្រោយពីបានឃាត់ខ្លួន កម្លាំងជំនាញបានឈានទៅធ្វើការឆែកឆេរ កន្លែងស្នាក់នៅរបស់ជនសង្ស័យ នៅហាងម៉ាស្យា យីហោ «SPA» ស្ថិតក្នុងក្រុមទី២ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដោយបាននាំខ្លួនស្ត្រីជនជាតិចិន ចំនួន១០នាក់ នៅក្នុងហាងម៉ាស្យា មកធ្វើការសាកសួរ និងដកហូត បានវត្ថុតាង៖
* ខិតប័ណ្ណមានរូបអាសអាភាស ៧២ប្រអប់ (១ប្រអប់ស្មើ នឹង៥០០សន្លឹក)
* សៀវភៅកត់ត្រា ៣ក្បាល
* ស្រោមអនាម័យ មិនទាន់ប្រើចំនួន ៨០ស្រោម
* ស្រោមអនាម័យប្រើរួចចំនួន ០៥ស្រោម
* អាយផេត ម៉ាក Dinabook ១គ្រឿង
* កាបូបដាក់ស្រោមអនាម័យ ចំនួន ៣
* វិទ្យុទាក់ទងម៉ាក Magaband ចំនួន ៣គ្រឿង
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងស្ត្រីចំនួន១០នាក់ ត្រូវបានកម្លាំងជំនាញ កំពុងធ្វើការសាកសួរតាមនីតិវិធី នៅការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត៕