(ប៉ៃលិន)៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោកស្រី ជា លាភ អភិបាលរងខេត្ត និងលោកឧត្តមសេនីយត្រី ទី សុខា ប្រធានស្នាក់ការទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិព្រំ ព្រមទាំងក្រុមការងារ និងសប្បុរសជន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាតស្បៀងចំនួន ១០គ្រួសារ នៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ឲ្យដឹងថា ការចែកអំណោយនៅពេលនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍ រួមចំណែកលើកកំពស់ជីវភាពរបស់បងប្អូនឲ្យកាន់តែល្អថែមទៀត បើទោះបីសម្ភារៈ និងថវិកាទាំងនេះមិនបានបំពេញតាមតម្រូវការរបស់បងប្អូន ក៏ពិតមែន តែអាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផលដាំដំណាំឲ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពរបស់បងប្អូនឲ្យធូធាជាងមុនបន្ថែមទៀត។
នៅក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្តក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើតឡើងក្នុងគ្រួសារ ត្រូវរាយការណ៍អាជ្ញាធរមូលដ្ឋានដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឲ្យក្រុមការងារចុះជួយដល់បងប្អូនឆាប់រហ័ស និងទាន់ពេលវេលាផងដែរ៕