(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួន ជនដៃដល់២នាក់ ជាជនជាតិចិន ជាប់ពាក់ព័ន្ធការបាញ់ប្រហារជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួស៤នាក់ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។

សេចក្តីរាយការណ៍ពីខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនដៃដល់ដែលបានបាញ់ប្រហារទៅលើជនរងគ្រោះ ខណៈកំពុងផឹកស៊ីនៅក្នុងហាង​ «ស៊ី ហ៊ូ» បណ្តាលឲ្យរងរបួសលើដងខ្លួន និងជើងនោះ នៅពេលនេះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ តាមចាប់ខ្លួនបានហើយ និងកំពុងតែធ្វើការសួរនាំចាត់វិធានការតាមច្បាប់។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៩៖៣០នាទី នៅភោជនីយ៍ដ្ឋាន «ស៊ីហ៊ូ» ស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម ស្លាកលេខប្រើស្កុតបិតពីលើ ពាក់មួកសុវត្ថិភាពពណ៌ខ្មៅ និងពាក់អាវរងារខ្មៅធំដៃវែងទាំងពីរនាក់ បានធ្វើសកម្មភាពផ្ទុះអាវុធ (បាញ់គំរាម) ទៅលើជនរងគ្រោះជាជនជាតិចិន៤នាក់ ខណៈពេលដែលជនរងគ្រោះកំពុងអង្គុយហូបអាហារ បណ្តាលឲ្យរបួសជើងទាំង៤នាក់ រួចគេចខ្លួនបាត់។

បើតាមលោកស្នងការ ជនរងគ្រោះចំនួន៤នាក់៖

*ទី១៖ ឈ្មោះ ZHANG KUN អាយុ៣៩ឆ្នាំ ជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ
*ទី២៖ ឈ្មោះ YANG HUAIHUN អាយុ៤១ឆ្នាំ ជនជាតិចិន ត្រូវចំក្បាលជង្គង់ខាងស្តាំ
*៣៖ ឈ្មោះ YANG JUN GING អាយុ២៧ឆ្នាំ ជនជាតិចិន ត្រូវចំចុងភ្លៅស្តាំ និងដើមកំភួនជើងខាងឆ្វេង
*៤៖ ឈ្មោះ LIU WEIMIN អាយុ៣៣ឆ្នាំ ជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ។

ជនរងគ្រោះទាំង៤នាក់ ស្នាក់នៅវិមានខ្សាច់មាស ចូលមកទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកសេតេ បច្ចុប្បន្នបានត្រឡប់ទៅប្រទេសចិនវិញហើយ។
វត្ថុតាងបន្សល់នៅកន្លែងកើតហេតុ៖ សំបកគ្រាប់ចំនួន៩ និងគ្រាប់មិនទាន់បាញ់ចំនួន១គ្រាប់។

ក្រោយរឿងហេតុកើតឡើង ស្នងការដ្ឋាននគរបាលខេត្ត បានបង្កើតគណៈករណី មួយធ្វើការស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់។ ដោយមានការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ និងឈានទៅបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន​​ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២២៖៣០នាទី។

*ជនសង្ស័យ២នាក់៖

*ទី១៖ ឈ្មោះ REN HAI JUN ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E០១១១៥៤៣៤ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ
*ទី២៖ ឈ្មោះ WU HAI ZHU ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៩២១១១៩៨៥ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។

វត្ថុតាងចាប់យកមាន៖

*កាំភ្លើងខ្លី២ដើម៖ ម៉ាកBERETA លេខG643652 បង់១គ្រាប់២ និងម៉ាក GIOCK 19លេខWBEN763បង់១គ្រាប់៣។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ បានឲ្យដឹងថា ពួកគេពិតជាបានធ្វើសកម្មភាពដោយប្រើភ្លើងខ្លី០២ដើម បាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន ព្រោះពួកគេខឹងនឹងជនរងគ្រោះ ដែលបាននិយាយប្រមាថមើលងាយពួកគេថា ពួគេជាមនុស្សដើរមិនត្រង់ផ្លូវ ដើរវាចៗបែបនេះមិនមែនជាមនុស្សល្អ ពេលដែលពួកគេទៅផឹកនៅក្នុងក្លឹបមួយកន្លែងដែលនៅផ្លូវ ឧតុនិយម កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ទើបនៅថ្ងៃកើតហេតុពួកគេបាញ់ទៅលើជនរងគ្រោះតែម្តង។

ចំពោះកាំភ្លើងរូបគេបានទិញពីជនមិនស្គាល់មុខ ក្នុង១ដើមតម្លៃ៣,៨០០ដុល្លារ ហើយពេលធ្វើសកម្មភាពរួច ពួកគេបានយកទៅកប់នៅក្នុងដីស្ថិតនៅក្រុម២២ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

ករណីនេះ កម្លាំងជំនាញកំពុងបន្តតាមនីតិវិធីនៅការិយាល័យនគរបាល​​ព្រហ្មទណ្ឌកំរិតស្រាល៕