(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបាននគរបាលចាប់ខ្លួនម្ដងរួចមកហើយ កាលពីអាទិត្យមុន បន្ទាប់ពីវាយធ្វើបាបប្រពន្ធរាល់ថ្ងៃ អស់រយៈពេល៤ឆ្នាំកន្លងមកហើយ រហូតដល់នាងទ្រាំលែង បានទើបប្ដឹងនគរបាលឲ្យចាប់ខ្លួន។
ប៉ុន្តែក្រោយមក ដោយសារតែមនោសញ្ចេតនារវាងប្ដីប្រពន្ធច្រើនឆ្នាំ មកហើយនោះ ទើបនាងជាប្រពន្ធលើកលែងទោសឲ្យ និងសុំត្រឹមតែឲ្យនគរបាលជួយធ្វើការអប់រំ និងធ្វើកិច្ចសន្យាឈប់ប្រើហឹង្សាតែប៉ុណ្ណោះ រួចក៏ដោះលែងទៅវិញ។
ផ្ទុយទៅវិញ ក្រោយពេលមានសេរីភាពវិញ ជននេះមិនបានរាងចាល សូម្បីតែបន្តិចបន្តួចឡើយ គឺនៅតែវាយធ្វើបាបប្រពន្ធ ឥតមេត្តាដដែល ទើបប្រពន្ធអស់ខន្តីតទៅទៀត និងប្ដឹងឲ្យនគរបាលចាប់ខ្លួនជាលើកទី២ទៀត ហើយក៏សំណូមពរឲ្យនគរបាល ចាត់ការតាមច្បាប់តែម្ដង។
ការចាប់ខ្លួនប្តីរូបនេះ បានធ្វើឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅបន្ទប់ជួលលេខ៤២ ក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្រ្តីនគរបាលប៉ុស្តិ៍ចោមចៅ២ បានឲ្យដឹងថា ប្ដីចិត្តព្រៃផ្សៃរូបនេះឈ្មោះ ឆៃ ចិន្តា អាយុ២៣ឆ្នាំ គ្មានមុខរបបរ ស្នាក់នៅបន្ទប់ជួលលេខ៤២ ក្នុងភូមិខាងលើ និងមានស្រុកកំណើតនៅក្នុងភូមិចំការលើ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែកស្ត្រីជាប្រពន្ធឈ្នោះ ប៊ូ ហុង អាយុ២២ មុខរបរកម្មការនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលជាមួយគ្នា។
មន្រ្តីនគរបាល បានឲ្យដឹងទៀតថា ជនសង្ស័យរូបនោះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ចាប់ខ្លួនបានម្ដងរួចមកហើយ បន្ទាប់ពីស្ត្រីជាប្រពន្ធប្ដឹងសុំអន្តរាគមន៍ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។ នាងបានអះអាងថា ប្ដីកំណាចរូបនេះ បានវាយធ្វើបាបនាងជាញឹកញាប់រយៈពេល៤ឆ្នាំកន្លងមកហើយ។ ប៉ុន្តែក្រោយពេលឃាត់ខ្លួន ដល់ប៉ុស្តិ៍ចោមចៅ ស្ត្រីជាប្រពន្ធបានសុំឲ្យត្រឹមអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើហឹង្សាតែប៉ុណ្ណោះ និងសុំឲ្យនគរបាលដោះលែង ប្ដីវិញដោយមិនបានប្ដឹងផ្ដល់ទៀតឡើយ។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះ នគរបាលក៏បានយល់ព្រមហើយ ក៏បានដោះលែងទៅវិញបន្ទាប់ពីអប់រំ និងធ្វើកិច្ចសន្យារួចរាល់។ ប៉ុន្តែបើគិតរហូតមកដល់ពេលនេះ ទើបបានរយៈពេល១អាទិត្យតែប៉ុណ្ណោះ។
បើតាមសមត្ថកិច្ច ជនសង្ស័យមិនបានកែខ្លួនឡើយ បានវាយប្រពន្ធដដែល ទើបត្រូវនគរបាបាលចាប់ខ្លួនម្ដងទៀត។ ហើយលើកនេះ ប្រហែលជាគ្មាន វាសនារួចខ្លួនដូចលើកមុនឡើយ ព្រោះនាងប្រពន្ធបានស្នើរសុំឲ្យនគរបាល ចាត់ការតាមច្បាប់តែម្ដង៕