(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរៀបចំគម្រោង ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋ ដែលត្រូវផ្លាស់លំនៅដ្ឋានពីតំបន់បាក់ច្រាំងទន្លេ ទៅកាន់កន្លែងថ្មី ដែលក្នុងនោះ អាជ្ញាធរខេត្ត និងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រព័ន្ធទឹក, ភ្លើង, និងផ្លូវថ្នល់ជាដើម។
លោកអភិបាលខេត្ត បានថ្លែងប្រាប់ប្រជាពលរដ្ឋចំនួន២៣គ្រួសារ ដែលកំពុងទទួលរងការរុះរើផ្ទះ ដោយសារការបាក់ច្រាំងទន្លេ ក្នុងខណៈដែលលោកអភិបាលខេត្ត ដឹកនាំក្រុមការងារចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋរងគ្រោះ និងជួយរុះរើផ្ទះប្រជាពលរដ្ឋ នៅក្នុងឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាមផងដែរ។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងយ៉ាងដូច្នេះថា «ត្រូវរៀបចំស្ថិតិចំនួន ប្រជាពលរដ្ឋរងគ្រោះដោយសារបាក់ច្រាំងទន្លេ ក្នុងកំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ដើម្បីរៀបចំជាគម្រោងជួយឲ្យពួកគាត់បានផ្លាស់ទីលំនៅ ទៅកន្លែងថ្មី ដែលពួកគាត់ពេញចិត្ត ដោយក្នុងនោះអាជ្ញាធរខេត្ត និងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ ឲ្យមាននូវប្រព័ន្ធទឹកភ្លើង និងផ្លូវថ្នល់ជូនប្រជាពលរដ្ឋដែលរងគ្រោះផងដែរ»។
លោកអភិបាលខេត្តបានបញ្ជាក់ថា ការផ្លាស់ប្តូរទៅកន្លែងរស់នៅថ្មីនោះ អាជ្ញាធរខេត្តមិនធានាក្នុងការទិញដីចែកជូនប្រជាពលរដ្ឋនោះទេ ប៉ុន្តែការជួយរបស់អាជ្ញាធរ គឺសំដៅទៅលើការរៀបចំឲ្យមានផ្លូវ មានប្រព័ន្ធទឹក-ភ្លើង ដើម្បីឲ្យបងប្អូន បានរស់នៅស្រួល ដោយអស់ការភ័យខ្លាចអំពីការបាក់ច្រាំងទន្លេដូចពេលកន្លងទៅនេះ។
ម្យ៉ាងទៀតចំនួនប្រជាពលរដ្ឋដែលរងគ្រោះ និងអាចប្រឈមការបាក់ច្រាំងទន្លេនៅឆ្នាំក្រោយៗទៀត ត្រូវនាំគ្នាពិភាក្សា ព្រោះថាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ យើងអាចធ្វើបានលុះត្រាតែបងប្អូនទៅសង់លំនៅដ្ឋានបានច្រើនគ្រួសារ ដូច្នេះ បងប្អូនប្រជាពលរដ្ឋគួរតែមានការឯកភាពគ្នា និងត្រូវសន្សំលុយទិញដីនៅម្តុំណា ដែលបងពេញចិត្ត រួចអាជ្ញាធរ និងគិតគូរអភិវឌ្ឍន៍ឲ្យមានផ្លូវ, ប្រព័ន្ធទឹក-ភ្លើង ដើម្បីបង្ករការរស់នៅឲ្យបានល្អប្រសើរ។ នៅក្នុងស្រុកកងមាសនេះ មានប្រជាពលរដ្ឋជាង៤០គ្រួសារ ស្មើនិងជាង៤០ខ្នងផ្ទះ ដែលបានរងគ្រោះ និងរុះរើផ្ទះដោយសារបាក់ច្រាំងទន្លេ។
គួររំលឹកដែរថា ក្នុងពេលមានគ្រោះធម្មជាតិដោយទឹកជំនន់នេះ គេសង្កេតឃើញថា លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមតែងតែយកចិត្តទុកដាក់ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលប្រជាពលរដ្ឋគ្រប់ទីកន្លែងដែលបានរងគ្រោះ ដោយដោយទឹកជំនន់ ជាមួយគ្នានោះ អំណោយក៏បានចែកជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ដើម្បីឲ្យពួកគាត់បានយកទៅដោះស្រាយក្នុងគ្រួសារ នៅពេលមានអាសន្ននេះផងដែរ៕