(ស្ទឹងត្រែង)៖ ទំនិញខូចគុណភាពជាច្រើនមុខ ដែលក្រុមអាជីវករដាក់លក់តាមដេប៉ូ និងតូបជាច្រើនកន្លែងក្នុងក្រុងស្ទឹងត្រែង ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ត្រូវបានសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យព្រមទាំងដកហូត បានទំនិញខូចគុណភាព និងបានណែនាំអប់រំទៅកាន់ក្រុមអាជីវក រឲ្យឈប់ដាក់លក់បន្តទៀត។

ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង លោក គឹម ប្រុស បានឲ្យដឹងថា ដោយមានការព្រួយបារម្ភពីសុខភាពរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ មន្ត្រីជំនាញកាំកុងកុងត្រូលខេត្ត បានសហការគ្នាជាមួយមន្ទីរពាណិជ្ជកម្ម នាំគ្នាចុះទៅអប់រំណែនាំអាជីករដែលដាក់លក់តាមតូប និងដេប៉ូជាច្រើនកន្លែង អស់រយៈពេលមួយព្រឹកធំនេះ កម្លាំងជំនាញបានចុះត្រួតពិនិត្យចំនួន ៥តូប និងដេប៉ូក្នុងនោះតូបលក់ឥវ៉ាន់ចាប់ហួយចំនួន៤តូប និងដេប៉ូស្រាបៀរចំនួន១កន្លែងផងដែរ។

ក្រោយការចុះត្រួតពិនិត្យកម្លាំងជំនាញ បានរកឃើញទំនិញខូចគុណភាពជាច្រើនមុខមានដូចជា៖ ទឹកដោះគោអាដេ AD ចំនួន ៣១កេស ស្មើ១,៤៨៨ដបជ័រ, ទឹកអាឃ្វររៀចំនួន១៣យួរ ស្មើនិង២៥គីឡូក្រាមចំនួន៧៨ដប, ទឹកក្រូចហ្វាន់តា (Fanta) ចំនួន១យួរ ស្មើនឹង៣គីឡូក្រាម, នំស្រួយក្មេងចំនួន២០កញ្ជប់ ស្មើនិង១គីឡូក្រាម, ភេសជ្ជៈវីតា៥០០ចំនួន២កេស និងទឹកក្រូច២កេស ស្មើនឹង៤៨កំប៉ុង។

ជាមួយគ្នានេះដែរ ក្រុមអាជីវករបានសម្តែងការត្រេកអរ ចំពោះក្រុមការងារកាំកុងត្រូលខេត្ត ដែលបាននាំគ្នាចុះត្រួតពិនិត្យលើទំនិញរបស់ពួគគាត់ ដើម្បីឲ្យពួកគាត់កាន់តែយល់ច្បាស់ និងអប់រំបន្តទៅកាន់អាជីវករផ្សេងៗ

ឲ្យមានការយកចិត្តទុកដាក់លើបញ្ហាសុខភាពមុន និងទិញទំនិញត្រូវត្រួតពិនិត្យឲ្យបានជាក់លាក់មុខ និងទិញយកទៅបរិភោគ។គួរបញ្ជាក់ផងដែរថា ទំនិញខូចគុណភាពដែលកម្លាំងជំនាញដកហូតបានខាងលើនោះមន្ត្រីជំនាញ និងយកកប់ ឬដុតកម្ទេចចោល៕