(ភ្នំពេញ)៖ ក្រោយទទួលបានការផ្ដល់សេចក្ដីទុកចិត្ត ជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា នីតិកាលទី៦ លោក ហ៊ុន ម៉ានី បានបង្ហាញនូវការភ្ញាក់ផ្អើល ចំពោះការអនុម័តនេះ ព្រមទាំងបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបំពេញភារកិច្ចពាក់ព័ន្ធនានា សំដៅចូលរួមក្នុងបុព្វហេតុជាតិកម្ពុជា និងដើម្បីឱ្យសាកសមនឹងការផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភា។
នៅលើគណនី Facebook ផ្លូវការរបស់លោក ហ៊ុន ម៉ានី នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ពោលក្រោយពីរដ្ឋសភាប្រកាសឈ្មោះលោក ហ៊ុន ម៉ានី ជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា, លោកបានបញ្ជាក់ថា «វាគឺជាការភ្ញាក់ផ្អើល និងកិត្តិយសដ៏ធំធេង ដែលរូបខ្ញុំបាទត្រូវបានផ្តល់សេចក្តីទុកចិត្ត ធ្វើជាប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា តាមរយៈការប្រកាសជាផ្លូវការ និងការអនុម័តដោយសម័យប្រជុំពេញអង្គ នៃរដ្ឋសភា នីតិកាលទី៦ កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ»។
លោកបានបន្តថា «ខ្ញុំបាទសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំ ចំពោះទំនុកចិត្ត និងការជឿជាក់លើរូបខ្ញុំបាទ។ សំខាន់បំផុត គឺតួនាទីនេះ គឺជាការទទួលខុសត្រូវដ៏ធំធេងមួយ ដែលទាមទារនូវការបំពេញភារកិច្ចជាច្រើនថែមទៀត សម្រាប់ការបន្តដំណើរចម្រើនទៅមុខ»។
ក្រៅពីការបង្ហាញនូវអារម្មណ៍ភ្ញាក់ផ្អើល លាយលំនឹងក្ដីរំភើបយ៉ាងដូច្នេះហើយ លោក ហ៊ុន ម៉ានី បានសរសេរបន្តយ៉ាងដូច្នេះថា «ទោះយ៉ាងណា ខ្ញុំបាទប្តេជ្ញានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការបំពេញភារកិច្ចទាំងអស់នេះ ក្នុងផលប្រយោជន៍បម្រើសង្គមជាតិយើង»។
សូមជម្រាបថា ក្នុងកិច្ចប្រជុំសភាពេញអង្គនៃរដ្ឋសភា នីតិកាលទី៦ នាព្រឹកថ្ងៃទី០៦ ខែកញ្ញានេះ ដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មីនៃរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា, សមាជិកសភាទាំង១២៥រូប បានអនុម័តតែងតាំងលោក ហ៊ុន ម៉ានី ជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា សម្រាប់នីតិកាលទី៦៕