(ភ្នំពេញ)៖ វីរកីឡាករ-វីរកីឡាការិនី ម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games 2018 បានបន្ដទទួលការឧបត្ថម្ភគាំទ្រ ពីក្រុមហ៊ុនឯកជនមួយទៀតហើយ គឺក្រុមហ៊ុនឆ្នោតកីឡាជាតិ។
ក្នុងជំនួបសំណេះសំណាលរវាងក្រុមហ៊ុន ឆ្នោតកីឡាជាតិ និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្ម រួមទាំងតំណាងក្រុមហ៊ុន និងកីឡាករ សាលី អ៊ូមើត និងកីឡាការិនី ខាន់ ចេសា ម្ចាស់មេដាយមាស២ និងសំរឹទ្ធ១ ត្រូវបានធ្វើឡើងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ឆ្លៀតក្នុងឱកាសនោះ បន្ទាប់ពីប្រគល់លិខិតសរសើរ ដល់តំណាងសាខាលក់ឆ្នោតកីឡាជាតិ ដែលលក់ដាច់បានច្រើន ក្រុមហ៊ុនដៃគូសហការ ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានផ្ដល់នូវកាដូរួមទាំងថវិកាមួយចំនួនដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់វីរកីឡាករ សាលី អ៊ូមើត និងវីរកីឡាការិនី ខាន់ ចេសា ដែលខិតខំប្រឹងប្រែងដណ្ដើមបាននូវមេដាយមាសជាប្រវត្តិជូនជាតិ ពីព្រឹត្តិការណ៍កីឡា ប្រចាំទ្វីបអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗ កន្លងទៅ។
លោក វ៉ាត់ ចំរើន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនឆ្នោតកីឡាជាតិ ដែលបានយកចិត្តទុកដាក់ និងរួមចំណែកលើកស្ទួយវិស័យកីឡាជាតិ ពិសេសសម្រាប់កីឡាករ-កីឡាការិនីដណ្ដើមបានជ័យលាភី ពីលើឆាកអន្ដរជាតិ ដែលក្រុមហ៊ុនតែងតាំងឧបត្ថម្ភគាំទ្រ។ បន្ថែមលើនេះ លោករំពឹងថា ក្រុមហ៊ុននឹងបន្ដកិច្ចសហប្រតិបត្តិល្អ ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីពួតដៃអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា ឱ្យកាន់តែរីកចម្រើន ក្នុងគោលដៅឆ្ពោះទៅស៊ីហ្គេម នាឆ្នាំ២០២៣ខាងមុខ។
ក្នុងឱកាសនេះដែរកញ្ញា ឈិន មីងលីង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឆ្នោតកីឡាជាតិ បានថ្លែងកោតសសើរ ដល់វីរកីឡាករ វីរកីឡាការិនី កម្ពុជាទាំងពីរូប ដែលបានដណ្តើមមេដាយមាស ជូនមាតុភូមិកម្ពុជា ដែលជាលទ្ធផលហួសពីការរំពឹងទុក ជាពិសេស គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC រួមទាំងក្រុមកីឡាករ កីឡាការិនីទាំងអស់ដែលបាននាំមកនូវកិត្តិយសសម្រាប់ជាតិយើងទាំងអស់គ្នា។
កញ្ញា ឈិន មីងលីង បានបន្តថា ក្នុងនាមក្រុមហ៊ុនឆ្នោតកីឡាជាតិ ជាដៃគូរសហប្រតិបត្តិការជាមួយ NOCC នឹងខិតខំប្រឹងប្រែង ពង្រីកការចូលរួមអភិវឌ្ឍវិស័យកីឡានៅកម្ពុជា រួមទាំងចូលរួមលើវិស័យសប្បុរសធម៌នៅកម្ពុជា ផងដែរ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់បេសកកម្មប្រកួតកីឡាអាស៊ី វីរកីឡាករ-វីរកីឡាការិនី ម្ចាស់មេដាយ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជួបសំណេះសំណាល និងផ្ដល់ប្រាក់រង្វាន់ជ័យលាភី របស់រាជរដ្ឋាភិបាលភ្លាមៗ ដោយមេដាយមាស ទទួលបាន ៨០លានរៀល, ប្រាក់៤០លានរៀល និងសំរឹទ្ធ២៤លានរៀល ខណៈគ្រូបង្វឹក ក៏ទទួលបានប្រាក់រង្វាន់ស្មើកូនសិស្សឈ្នះមេដាយខ្ពស់ជាងគេ។ លើសពីនេះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេច ដោយមេដាយមាស ទទួលបាន១ម៉ឺនដុល្លារ, ប្រាក់៥ពាន់ដុល្លារ និងសំរឹទ្ធចំនួន៣ពាន់ដុល្លារ ផងដែរ។
ចំពោះសមិទ្ធិផលដណ្ដើមបានពី Asian Games នៅឥណ្ឌូនេស៊ី គឺកម្ពុជាដណ្ដើមបានមេដាយមាស២ និងសំរឹទ្ធ១ ឈរលេខរៀងទី២៤ ក្នុងចំណោម៤៥ប្រទេស ក្នុងនោះកីឡាករ សាលី អ៊ូមើត ដណ្ដើមបានមេដាយមាស១ និងសំរឹទ្ធ១ លើប្រភេទកីឡាម៉ូតូទឹក និងកីឡាការិនី ខាន់ ចេសា ដណ្ដើមបានមេដាយមាស១ លើប្រភេទកីឡាជឺជិតស៊ូ៕