(ភ្នំពេញ)៖ នៅវេលាម៉ោង៤៖០០នាទីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន រួមទាំងថ្នាក់ដឹកនាំ និងសមាជិករាជរដ្ឋាភិបាល អាណត្តិថ្មី បានចូលធ្វើសច្ចាប្រណិធាន នៅក្នុងព្រះបរមរាជវាំង មុខព្រះភក្រ្តព្រះមហាក្សត្រ ដើម្បីចូលកាន់តំណែងរបស់ខ្លួន។
សមាសភាពរាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីនេះ មាននាយករដ្ឋមន្រ្តី១រូប គឺសម្តេចតេជោ ហ៊ុន សែន ឧបនាយករដ្ឋមន្រ្តី១០រូប ទេសរដ្ឋមន្រ្តីចំនួន១៧រូប និងរដ្ឋមន្រ្តីចំនួន២៩រូប ដែលទើបទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ពាក្យពេចន៍នៃការធ្វើសច្ចាប្រណិធាត រាជរដ្ឋាភិបាលអាណត្តិថ្មីរួមមានខ្លឹមសារដូចតទៅ៖
««ទូលព្រះបង្គំ យើងខ្ញុំ នាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាល សូមធ្វើសច្ចាប្រណិធាន នៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វតច្ឆត្រ ដូចតទៅ៖
ក្នុងពេលប្រតិបត្តិការតាមមុខតំណែងខ្លួន និងក្នុងការបំពេញបេសកម្ម ដែលប្រជារាស្ដ្រកម្ពុជា បានប្រគល់ជូនចំពោះទូលព្រះបង្គំយើងខ្ញុំគ្របៗរូប ទូលព្រះបង្គំយើងខ្ញុំ សូមប្ដេជ្ញាគោរពធម្មនុញ្ញ បម្រើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវផលប្រយោជន៍របស់ប្រជារាស្ដ្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។
* ទូលព្រះបង្គំយើងខ្ញុំ សូមប្ដេជ្ញាប្ដូរផ្ដាច់ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវ៖
* ឯករាជ្យភាពទាំងស្រុង នៃមាតុភូមិកម្ពុជា អធិបតេយ្យភាពជាតិពេញបរិបូរណ៍
* បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មានក្នុងជំនាន់ឆ្នាំ១៩៦៣ ដល់ ១៩៦៩
* ឯកភាពជាតិ ហើយមិនអនុញ្ញាតឲ្យមានការបែងចែក ឬការធ្វើអបគមន៍ណាមួយឡើយ។
* ទូលបង្គំយើងខ្ញុំ សូមបេ្ដជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវអព្យាក្រឹតភាព និងភាពមិនចូលបក្សសម្ព័ន្ធ សម្រាប់កម្ពុជា ហើយមិនអនុញ្ញាជាដាច់ខាត ឲ្យជនណាមួយក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្ដរជាតិរបស់កម្ពុជាបានឡើយ។ ទូលព្រះបង្គំយើងខ្ញុំមិនបម្រើជាដាច់ខាតនូវផលប្រយោជន៍បរទេស ហើយធ្វើឲ្យខូចខាតដល់ផលប្រយោជន៍របស់ប្រជារាស្ដ្រ ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ។
* ក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិ និងអន្ដរជាតិទូលព្រះបង្គំយើងខ្ញុំ នឹងបំបាត់ចោលទាំងស្រុង នូវអំពើហិង្សាគ្រប់បែបយ៉ាង។ ប៉ុន្ដែព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុកនូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនឹងការរំលោភឈ្លានពានមកពីក្រៅ ដើម្បីការពារជាតិមាតុភូមិខ្លួន។
* ទូលព្រះបង្គំយើងខ្ញុំ សូមបេ្ដជ្ញាគោរពជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពយ៉ាងម៉ឺងម៉ាត់ ចំពោះសិទ្ធិមនុស្សដូចមានចែងក្នុងសេចក្ដីប្រកាសជាសកល ស្ដីអំពីសិទ្ធិមនុស្ស។
* ទូលព្រះបង្គំយើងខ្ញុំ សូមប្ដេជ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្ដិធម៌សង្គម ហើយតស៊ូដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្ដិភាពសង្គម និងសន្ដិភាពជាតិ ដើម្បីភាពសម្បូរសប្បាយ នៃប្រជារាស្ដ្រកម្ពុជា និងដើម្បីភាពរុងរឿងថ្កើងថ្កាន នៃមាតុភូមិកម្ពុជា ជាទីគោរពសក្ការៈ និងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំគ្រប់រូប»»។
សូមបញ្ជាក់ថា បន្ទាប់ពីធ្វើសច្ចាប្រណិធានហើយនោះ គណៈរដ្ឋមន្រ្តី អាណត្តិទី០៦ នឹងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ មុននឹងបំពេញការងារផ្សេងៗទៀត ដើម្បីបម្រើប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕