(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ត្រូវបានរដ្ឋសភា នីតិកាលទី៦ បោះឆ្នោតជ្រើសតាំងជា ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី១ ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភាទាំងអស់ សូមសម្ដែងនូវការអបអរសាទរដ៏កក់ក្ដៅបំផុតជូន សម្ដេចអគ្គមហាពញាចក្រី ព្រមទាំងមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ សម្ដេច ហេង សំរិន រដ្ឋសភានីតិកាលថ្មី ពិតជាដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរី និងនីតិរដ្ឋនៅកម្ពុជា ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក។
ក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្ដេច ហេង សំរិន និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមជួបតែសេចក្ដីសុខ សុភមង្គល និងបានប្រកបដោយពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕