(ភ្នំពេញ)៖ នៅថៃ្ងទី៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំដោយលោក ញូង វ៉ែន ជាអនុប្រធាននាយកដ្ឋាន សហការជាមួយមន្រ្តីជំនាញរបស់មន្ទីរពិសោធន៍ បានចុះត្រួតពិនិត្យបរិមាណ, គុណភាព និងតម្លៃលក់រាយឥន្ធនៈនៅតាមស្ថានីយ៍ និងដេប៉ូមួយចំនួន ដែលមានទីតាំងនៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងគោលបំណងការពាផលប្រយោជន៍សេដ្ឋកិច្ច អ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីន នៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថាន ដែលកើតចេញពីចំហេះប្រេង ឥន្ធនៈមិនសមស្រប និងពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំ។
ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ គឺផ្នែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជា ធុងក្រឹតមានមាឌជាក់លាក់សម្រាប់វាស់បរិមាណប្រេង ដែលបាញ់ចេញពីកុងទ័រ តាមទំហំផ្សេងខុសគ្នាមានចំណុះ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើប្រាស់ឧបករណ៍ដែលបានបំពាក់នៅលើ រថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត។
ជាលទ្ធផល នៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ/ដេប៉ូទាំង៦ទីតាំង ក្នុងនោះមាន៥ទីតាំង មានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ។ ០១ទីតាំង មិនមានអនុលោមភាពទាំងបរិមាណនិងគុណភាព។ ចំពោះថ្លៃលក់រាយ ស្ថានីយ/ដេប៉ូ ទាំង៦ទីតាំង បានអនុវត្តត្រឹមត្រូវតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
លោក ញូង វ៉ែន បានបញ្ជាក់បន្ថែមថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធ្វើការត្រួតពិនិត្យ ឲ្យបានគ្រប់ស្ថានីយ៍/ដេប៉ូ ទាំងអស់ទូទាំងប្រទេស ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈចូល រួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះស្ថានីយ៍/ដេប៉ូ ដែលបានរកឃើញ មានការលក់ប្រេងមិនសមស្រប ត្រូវធ្វើការបញ្ឈប់និងកែតម្រូវឲបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះសោតនឹងត្រូវទទួលរងនូវចំណាត់ការ តាមនីតិវិធីនៃច្បាប់ជាធរមាន។
លោកក៏បានបញ្ជាក់ថា អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុន ក្នុងការជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ ពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ចមុនពេលចាក់ តាមដានដំណើរការ នៃលេខកុងទ័រដែលត្រូវចាប់ផ្តើមជាមួយគ្នា នឹងម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រចុងក្រោយ។
ជាបន្ថែមទៀត លោកអនុប្រធាននាយកដ្ឋានរូបនេះ បានស្នើប្រជាពលរដ្ឋសូមចូលរួម តាមដានសេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្នសុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះពេលចាក់បំពេញប្រេងក្នុងស្ថានីយ៍ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី-ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលមាន បាតុភាពជាយថាហេតុណាមួយ៕