(ចិន)៖ ក្រុងប៉េកាំង បាននិងកំពុងសហការ ជាមួយតំបន់វិទ្យាសាស្ត្រ ដែលមាននៅក្នុងទីក្រុង ដើម្បីជួយនិស្សិត ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ។ តំបន់សហគ្រិន៣កន្លែង ត្រូវបានបង្កើតឡើង នាអំឡុងពេល២ឆ្នាំ កន្លងទៅនេះ។

តំបន់នេះ ត្រូវបានបង្កើតឡើង ដោយមានសហប្រតិបត្តិការ រវាងតំបន់ឧទ្យានសុហ្វវ៊ែរ ចុងគ័នឈុន របស់គណៈកម្មាធិការសិក្សាធិការ សាលាក្រុងប៉េកាំង និងតំបន់ឧទ្យានវិទ្យាសាស្ត្រផ្សេងទៀត។ តំបន់នេះ ផ្តល់សេវាបំពាក់បំប៉ន ផ្នែកអាជីវកម្មដោយឥតគិតថ្លៃ ចំពោះនិស្សិតដែលកំពុងសិក្សា និងនិស្សិតដែលទើបតែរៀនចប់ មិនលើសពី២ឆ្នាំ។

ជានិស្សិតរៀនចប់ពីសាកលវិទ្យាល័យ ស៊ីងហួរ លោក យ័ន ជិនឡុង ស្ថិតក្នុងចំណោមក្រុមសហគ្រិនដំបូងៗ ដែលបានមកចូលរួម ក្នុងតំបន់ឧទ្យានសុហ្វវ៊ែរ ដែលគាំទ្រដោយ ឧទ្យានសុហ្វវ៊ែរ ចុងគ័នឈុន។ ក្រុមរបស់គាត់ បានទទួលជំនួយផ្នែកដាក់ពាក្យស្នើសុំគម្រោង ផ្នែកដាក់ពាក្យស្នើសុំថវិកាពីរដ្ឋាភិបាល ផ្នែកទីផ្សារនិងផ្សព្វផ្សាយ ផ្នែកហិរញ្ញវត្ថុ និងផ្នែកផ្សេងៗទៀត ដើម្បីបង្កើតអាជីវកម្មមួយ។

លោក យ័ន ជិនឡុង សហគ្រិន បាននិយាយថា «តំបន់ឧទ្យានសហគ្រិន មានបណ្តាញជាមួយសហគ្រាសជាច្រើន ដែលផ្តល់យោបល់ដល់ពួកយើង ហើយថែមទាំងបានសាកល្បងប្រើ ផលិតផលរបស់ពួកយើងទៀតផង។ កត្តានេះ ធ្វើឲ្យពួកយើងទទួលបានមតិយោបល់ល្អៗ ច្រើនណាស់ ហើយវាជួយឲ្យពួកយើង អាចអភិវឌ្ឍផលិតផលរបស់យើង បានយ៉ាងល្អទៀតផង»

លោក លីន សៀងគួយ អ្នកចាត់ការ តំបន់ឧទ្យានសហគ្រិននិស្សិតប៉េកាំង (ឧទ្យានសុហ្វវ៊ែរ) បានឲ្យដឹងថា «យើងសូមអញ្ជើញលោកគ្រូ-អ្នកគ្រូ ឬ អ្នកជំនាញទាំងឡាយ ឲ្យមកជួយពួកគេ ក្នុងការបង្កើតវគ្គបណ្តុះបណ្តាល ជាប្រព័ន្ធ ហើយក៏សូមគោរពអញ្ជើញគ្រឹះស្ថានវិនិយោគ ដែលមានគុណភាពខ្ពស់មួយចំនួន ឲ្យមកបោះទុនជាប្រាក់ ទៅលើគម្រោងរបស់ពួកគេផងដែរ»

ដោយមានជំនួយដែលឥតគិតថ្លៃ ក្រុមរបស់លោកយ័ន មានគ្រឹះស្ថានជាង២០កន្លែង ដែលបានយកលទ្ធផលស្រាវជ្រាវរបស់ពួកគេ ទៅប្រើការ។ ក្រុមរបស់គាត់ ក៏បានឈ្នះពានរង្វាន់ជា សហគ្រាសបច្ចេកវិទ្យាខ្ពស់ថ្នាក់ជាតិ និងពានរង្វាន់ជាច្រើន ផ្សេងទៀតផងដែរ។

បើគិតមកដល់សព្វថ្ងៃ តំបន់ឧទ្យានទាំងនេះ បានផ្តល់សេវាដល់និស្សិតជាង២ពាន់នាក់ ដែលចូលរួមជាក្រុមសហគ្រិនចំនួន២៣៨ក្រុម មកហើយ។ តំបន់ទាំងនេះ ក៏បានទទួលប៉ាតង់កម្មសិទ្ធបញ្ញា ចំនួន១៧១ប៉ាតង់ផងដែរ។ នេះជាការគូសបញ្ជាក់របស់លោក លីន សៀងគួយ។

ដោយឡែក លោក ស៊ូ ចឹងវឹន អនុប្រធានគ្រប់គ្រងទូទៅ ឧទ្យានសុហ្វវ៊ែរ ចុងគ័នឈុន បានឲ្យដឹងផងដែរថា «បច្ចុប្បន្ន កិច្ចការសំខាន់ដែលយើងធ្វើ គឺអញ្ជើញគ្រឹះស្ថានហិរញ្ញវត្ថុដែលជាភាគីទីបី ឲ្យមកជួយបំពេញកង្វះខាត ផ្នែកថវិកា ដើម្បីឱ្យនិស្សិតទាំងនេះ អាចសម្រេចគម្រោងអាជីវកម្មថ្មី របស់ពួកគេបាន»

អនុប្រធានគ្រប់គ្រងទូទៅ ឧទ្យានសុហ្វវ៊ែរ ចុងគ័នឈុន រូបនេះ បានបញ្ជាក់ទៀតថា «ជំហានបន្ទាប់ យើងនឹងរៃអង្គាសថវិកា សម្រាប់សហគ្រិន និងបង្កើតបច្ចេកវិទ្យាថ្មីៗ ដោយខ្លួនឯងតែម្តង ដើម្បីឲ្យយើងអាចផ្តល់សេវា បំពាក់បំប៉ន និងសេវាវិនិយោគ សម្រាប់ជួយឲ្យនិស្សិតទាំងនេះ អាចពង្រីកអាជីវកម្មរបស់ពួកគេ ឲ្យកាន់តែធំ និងកាន់តែរឹងមាំ»៕ (សារព័ត៌មាន CCTV របស់ចិន)