(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានថ្លែងថា គណៈរដ្ឋមន្រ្តីអាណត្តិទី៦នេះ គឺជាការឆ្លើយតបនឹងការចង់បានរបស់មហាជន ដែលបានផ្តល់សេចក្តីទុកចិត្តតាមរយៈការបោះឆ្នោត។
លោក ផៃ ស៊ីផាន បានថ្លែងឲ្យដឹងថា យោងតាមលទ្ធផល នៃការបោះឆ្នោតដែលប្រជាពលរដ្ឋខ្មែរបានបោះឆ្នោតគាំទ្រជាង៨០ភាគរយ ពីលទ្ធផលរួនៃការបោះឆ្នោតសកល គឺជាការបង្ហាញនៃជម្រើស និងកិច្ចវាយតម្លៃខ្ពស់របស់ប្រជាពលរដ្ឋខ្មែរលើសលប់ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំគណៈរដ្ឋមន្រ្តី ប្រកបដោយប្រសិទ្ធភាព និងនាំមុខនូវភាពជោគជ័យ នៅក្នុងអាណត្តិទី៥ កន្លងមកហើយ។
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ សម្តេចនាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសដោយសិ្ថតនៅក្នុងចំណោមវិស័យ និងអនុវិស័យ ដូចជា៖ ១-កំណើនសេដ្ឋកិច្ច, ២-កំណើនការងារ, ៣-សង្គមសមធម៌ និង ៤-អភិបាលកិច្ចល្អ។
លោកបន្តថា លទ្ធផលភ្លូកទឹកភ្លូកដី នៃការបោះឆ្នោតសកល គឺជាមូលដ្ឋានគ្រឹះ និងជាការឆ្លុះបញ្ចាំងអំពីអំណរសាទររបស់ប្រជាពលរដ្ឋខ្មែរ ចំពោះប្រវត្តិ និងសមិទ្ធផលជាក់ស្ដែង ប្រកបដោយជោគជ័យ របស់គណៈរដ្ឋមន្រ្តី អាណត្តិទី៥។ អ្វីដែលប្លែកនៅក្នុងអាណត្តិទី៦នេះ ជាមួយនឹងកំណែទម្រង់រដ្ឋបាល យុត្តិធម៌ និងវិស័យដទៃទៀត សម្តេចតេជោបានកៀគរកម្លាំងរួមរបស់ជាតិ ក្នុងកិច្ចពង្រឹងការពារ កសាង និងការអភិវឌ្ឍជាតិនោះគឺ «ក្រុមឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» ដែលជាយន្តការថ្មីនៃកិច្ចប្រមូលផ្តុំធាតុផ្សំ ជាមួយនឹងនាយករដ្ឋមន្រ្តី ដែលជាកម្លាំងបន្ថែមនៅក្នុង វិស័យអភិបាលកិច្ចល្អ។
លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ថា មតិដែលនៅក្រោមឥទ្ធិពលរបស់ក្រុមប្តូរៗ គួរតែវិលមករកការវាយតម្លៃជាក់ស្ដែង និងគោរពដល់គំហើញ និងជម្រើសរបស់មតិភាគច្រើន ដែលគេទាំងនោះត្រូវតែដើរចេញពីវោហារសាស្រ្ត មកទទួលស្គាល់លទ្ធផល នៃការវិវត្តជាក់ស្តែង នៅក្នុងបរិបទរបស់កម្ពុជាសុទ្ធសាធ។
លោកបន្តទៀតថា គណៈរដ្ឋមន្រ្តីនេះ ជាគណៈរដ្ឋមន្រ្តី ដែលកើតចេញពីការវាយតម្លៃប្រកបដោយយុត្តិធម៌ របស់ប្រជាពលរដ្ឋខ្មែរសុតសាធ និងមិនឋិតនៅក្នុងឥទ្ធិពលរបស់ក្រុមណាមួយនោះឡើយ ហើយគណៈរដ្ឋមន្រ្តីនេះ ជាគណៈរដ្ឋមន្រ្តីប្រកបដោយនីត្យានុកូលភាព និងអធិបតេយ្យភាព នៃជម្រើសជោគវាសនារបស់ខ្លួនដែលជាសិទ្ធិសម្រេចផ្ដាច់មុខ របស់ប្រជាពលរដ្ឋខ្មែរ ជាម្ចាស់ស្រុក។
អ្នកនាំពាក្យរាជរដ្ឋភិបាលរូបនេះ បានបញ្ជាកយ៉ាងដូច្នេះថា «ប្រសិទ្ធភាព នៃដំណើរការរបស់គណៈរដ្ឋមន្រ្តីអាណត្តិទី៦នេះ គឺជាកត្តាប្រែប្រួល និងកំណត់វត្តមានឥស្សរជនទាំងនោះ គឺជាដែនអំណាចផ្តាច់មុខរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ឆ្លើយតបនឹងការចង់បានរបស់មហាជន ដែលលោកផ្តល់សេចក្តីទុកចិត្ត និងគាំទ្រតាមរយៈការបោះឆ្នោតនេះ»៕