(ចិន)៖ បច្ចេកវិទ្យាថ្មីមួយ ដែលជំនួសឲ្យការប្រើទឹកក្បាលរ៉ូប៊ីនេ នៅពេលបោះពុម្ពក្រដាស បានជាប់ការពិនិត្យវាយតម្លៃយ៉ាងហ្មត់ចត់ ពីអ្នកជំនាញ នៅក្នុងខេត្តយុនណាន ភាគនិរតីប្រទេសចិន កាលពីពេលថ្មីៗនេះ។ បច្ចេកវិទ្យានេះ ត្រូវបានបង្កើតឡើង ដោយសហគ្រាសមួយ នៅឯខេត្តយុនណាន។
ដំណើរការរបស់វា មិនត្រឹមតែចូលរួមចំណែកក្នុងការ ការពារបរិស្ថានប៉ុណ្ណោះទេ តែវាក៏ជាដំណោះស្រាយមួយ ដែលចំណាយប្រាក់អស់តិចជាងមុនផងដែរ សម្រាប់ឧស្សាហកម្មបោះពុម្ព។ ឧស្សាហកម្មកាសែត និងបោះពុម្ព របស់ចិន ត្រូវការអាល់កុល អ៊ីសូប្រូភីលយ៉ាងច្រើន ដើម្បីបោះពុម្ព។ វាធ្វើឲ្យគេត្រូវបញ្ចេញកាកសំណល់ជាទឹក និងឧស្ម័នយ៉ាងច្រើន។
គេប៉ាន់ប្រមាណថា វិស័យរោងពុម្ពទាំងមូល បញ្ចេញសមាសធាតុសរីរាង្គ ដែលងាយនឹងប្រែជាឧស្ម័ន ប្រហែល២លាន ៥សែនតោន និងកាកសំណល់សារធាតុរាវ និងធាតុពុល ប្រមាណ៣ម៉ឺនតោន ជារៀងរាល់ឆ្នាំ។
លោក ចូវ តាវមីង អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Yunnan Joy-printing Co., Ltd បានឲ្យដឹងថា ភាពខុសគ្នាដ៏ធំបំផុត រវាងបច្ចេកវិទ្យាថ្មីនេះ និងបច្ចេកវិទ្យាមុន គឺនៅត្រង់ថា យើងអាចយកចេញនូវវត្ថុធាតុនានា ក្នុងអាល់កុល និងអេទែរ ក៏ដូចជាធាតុគីមី ប្រភេទផ្សេងទៀត នៅពេលបោះពុម្ពបានដែរ។ បច្ចេកវិទ្យាថ្មីនេះ ស្រួលប្រើជាង ហើយជួយបង្កើនគុណភាពបោះពុម្ពទៀតផង។
លោក លីវ ហុងពីន អ្នកគ្រប់គ្រង ផ្នែកកាសែត និងបោះពុម្ព នៃរោងពុម្ពរបស់ក្រុមហ៊ុនកាសែតយុនណាន បានលើកឡើងថា បច្ចេកវិទ្យានេះ គឺពិតជាការផ្លាស់ប្ដូរដ៏ធំមួយ នៃបច្ចេកវិទ្យាបោះពុម្ពក្រដាសទូទៅ។ បើប្រៀប ជាមួយការបោះពុម្ពធម្មតា បច្ចេកវិទ្យាថ្មីនេះ មានគុណភាពជាង។ វាបានកែលម្អចំណុចជាច្រើន ដែលរួមមានដូចជា ស្នាមអុចៗ លើផ្ទៃក្រដាស និងការស្តារគុណភាព ពណ៌បានទៀតផង។
ការបោះពុម្ពតាមវិធីសាស្រ្តថ្មី ក៏ជាវិធីដ៏ល្អប្រសើរផងដែរ សម្រាប់កាត់បន្ថយថ្លៃចំណាយ។ រោងពុម្ពរបស់ក្រុមហ៊ុនកាសែត យុនណាន (Yunnan Press Group) បានប្រើបច្ចេកវិទ្យាថ្មីនេះ អស់រយៈពេលជាង៦ខែ មកហើយ និងបានកាត់បន្ថយថ្លៃចំណាយ លើសម្ភារសម្រាប់បោះពុម្ព បានប្រហែល៨ម៉ឺន ៨ពាន់ដុល្លារអាមេរិក៕ (សារព័ត៌មាន CCTV របស់ចិន)