(ភ្នំពេញ)៖ លោក សួន គឺមសេង អាយុ៥៥ឆ្នាំ មានអាសយដ្ឋាននៅភូមិសាមគ្គី សង្កាត់កណ្តាលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានបាត់រថយន្តម៉ាក SSANG YONG ១៥កៅអី ពណ៌ស១គ្រឿង នាយប់ នាថ្ងៃទី០៤ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងលំនៅដ្ឋាន «ប៊ុន ជេស្ឋ ព្រែកព្នៅ» ដែលមានទីតាំងនៅខាងលិចផ្សារព្រែកព្នៅ ចម្ងាយ៦០០ម៉ែត្រ តាមបណ្តោយផ្លូវហាណូយ កាត់នៅផ្លូវភ្នំប្រសិទ្ធិ ក្នុងខណ្ឌព្រែកព្នៅ។

ជាមួយគ្នានោះលោក សួន គឺមសេង ដែលជាម្ចាស់រថយន្តម៉ាក SSANG YONG បានទទូចឲ្យស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សវុណ្ណ និងសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ និងជួយតាមរករថយន្តមួយគ្រឿងនេះឲ្យផង ពីព្រោះទើបតែទិញសោះ និងសូមឲ្យបងប្អូនដែលបានឃើញសូមជូនដំណឹងមកលោក តាមរយៈទូរស័ព្ទលេខ ០១២ ២៤៥ ៨៨៧ លោកនឹងមានជូនជាសារគុណផងដែរ។

សូមបញ្ជាក់ថា បើតាមប្រជាពលរដ្ឋរូបនេះ លំនៅដ្ឋាន «ប៊ុន ជេស្ឋ ព្រែកព្នៅ» ពុំមានការយាមល្បាតដោយសន្ដិសុខយាមនោះទេ ហើយក៏មិនទទួលខុសត្រូវទៅលើការបាត់បង់ឡើយ ដូច្នេះសូមប្រជាពលរដ្ឋទាំងឡាយ ដែលរស់​នៅក្នុងលំនៅដ្ឋានមួយ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្លាំងផងខ្លាចជួបគ្រោះដូចលោក៕