(ក្រចេះ)៖ កម្លាំងអាវុធហត្ថក្រុង-ខេត្តក្រចេះ ក្រោមការបញ្ជាផ្ទាល់ពីលោក ផាត សុភ័ក្រវាសនា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ សម្របសម្រួលដោយលោក ជា សុភ័ក្រ ព្រះអាជអាជ្ញារងសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបអ្នកញៀនល្បែង (បៀរ) ដោយឃាត់មនុស្សជិត២០នាក់ មកអប់រំណែនាំ ព្រមទាំងដកហូតវត្ថុតាងមួយចំនួននៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្ទះឈើគល់ស្ពានអណ្ដែងដូន សង្កាត់ក្រចេះ ក្រុងក្រចេះ។
លោក ផាត សុភក្រ័វាសនា បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបអ្នកញៀនល្បែងស៊ីសងនេះ កម្លាំងរបស់លោកបាននាំខ្លួនស្ត្រីវ័យចំណាស់ចំនួន១៣នាក់ មកអប់រំណែនាំ ហើយស្ត្រីទាំងនោះ សុទ្ធតែអ្នករស់នៅក្រុងក្រចេះ និងប្រមូលវត្ថុតាងម៉ូតូចំនួន៣គ្រឿង និងសម្ភារល្បែងស៊ីសង។
លោកមេបញ្ជាការរូបនោះ បន្ដទៀតថា ស្រ្តីវ័យចំណាស់ទាំង១៣នាក់នោះ បច្ចុប្បន្នត្រូវបានលោក កែវ សុជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្តក្រចេះ ឲ្យវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន វិញហើយ ក្រោយពីធ្វើកិច្ចសន្យាបញ្ឈប់លេងល្បែងស៊ីសងទៀត។
ប្រជាពលរដ្ឋក្រុងក្រចេះ បានលើកឡើងថា ល្បែងស៊ីសង់នៅក្រុងក្រចេះ មិនមែនមានតែល្បែងបៀរនោះទេ នៅមានល្បែងភ្នាល់បាល់ និងល្បែងផ្សេងៗជាច្រើនទៀត ហើយពួកគាត់សំណុំពរឲ្យអាជ្ញាធរ និងសមត្ថកិច្ចគួតែមានវិធានការបង្ក្រាបបន្តទៀត៕