(កោះកុង)៖ ផ្ទះទេវតា១ខ្នង ដែលត្រូវបានសាងសង់រួចរាល់ ដោយសារកម្លាំងសាមគ្គីរបស់គណបក្សប្រជាជនកម្ពុជា ស្រុកមណ្ឌលសីមា និងខេត្តកោះកុង។
ផ្ទះទេវតាត្រូវបានប្រគល់ជូនលោកយាយពិការពេជ្រ ស៊ុន អាយុ៧១ឆ្នាំ ត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិ៣ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ក្រោមវត្តមានលោក កាយ សំរួម អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានសាខាគណបក្សប្រជាជនកម្ពុជា ស្រុកមណ្ឌលសីមា។
លោកយាយ ពេជ្រ ស៊ុន បាននិយាយក្រោមដំណក់ទឹកភ្នែកថា លោកយាយជាជនពិកាភ្នែកទាំង២ រស់ជាចៅៗ ដែលជាអ្នករកស៊ីចិញ្ចឹម ព្រោះគាត់មើលអ្វីពុំឃើញទៅណាក៏មិនរួច ហើយការហូបចុក ត្រូវបានអ្នកជិតខាងជួយហុចនេះហុចនោះ។
ផ្ទះរបស់គាត់ដំបូលប្រកមេឃ តួផ្ទះទ្រុឌទ្រោមហើយក្នុងទឹកទៀត ពេលព្យុះភ្លៀងម្តងៗ គាត់សុំផ្ទះអ្នកជិតខាងសម្រាករាល់យប់ថ្ងៃ។
លោកយាយបានបន្តថា ថ្ងៃមួយគាត់មិនបានចាំថ្ងៃខែទេ តែពេលជិតថ្ងៃបោះឆ្នោត ហើយមេកំពុងភ្លៀងយ៉ាង គាត់អង្គុយមុខផ្ទះអ្នកជិតខាង ហើយលើកម្រាមដៃដប់បន់ដល់ទេវតាសូមកុំឲ្យមានព្យុះភ្លៀង ខ្លាចផ្ទះគាត់បាក់ចូលក្នុងទឹក ហើយក៏បន់ដល់ទេវតា មេត្តាជួយមើលផ្ទះគាត់ ស្រាប់តែភ្លាមៗ ទេវតាបានចុះទៅមុខគាត់ ហើយថាលោកយាយមានបញ្ហាអ្វី លោកយាយថា បន់កុំឲ្យមានព្យុះភ្លៀវខ្លាចបាក់ផ្ទះគាត់ចូលទឹក។
ស្រាប់តែមានសម្លេងពន្លឺឡើងថា លោកយាយកុំភ័យ ទេវតាមកដល់ហើយ គឺគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតានៅនឹងមួយ នឹងធ្វើជូនលោកយាយថ្ងៃនេះ លោកយាយបានទទួលហើយ ផ្ទះទេវតាពិតៗ ហើយគាត់នឹងសន្យាថា ស្រលាញ់គណបក្សប្រជាជន១ជីវិតតកូនតចៅ។ លោកយាយបានបញ្ជាក់ថា សំណាង១ម៉ឺនសំណាង ភ្នែកគាត់ពិកាត្រូវគ្រូពេទ្យស្ម័គ្រចិត្ត អង្គការមូលនិធិចក្ខុខ្មែរ ជួយសង្រ្គោះបានមើលឃើញពិភពលោកនឹងគេហើយ ហើយទេវតាប្រទានផ្ទះថ្មី១ខ្នងទៀត។
លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានគណបក្សប្រជាជនស្រុកមណ្ឌលសីមា បានឲ្យថា ផ្ទះទេវតាដែលបានមកពីកម្លាំងសាមគ្គីរបស់គណបក្សប្រជាជនកម្ពុជា ខេត្តកោះកុង ត្រូវបានប្រគល់ជូនលោកយាយពិកាភ្នែកមានទំហំ៤x៦ ម៉ែត្រ គ្រឹះសសរបេតុង ក្រាលឈើ ប្រកស័ង្កសី ចំណាយថវិកាជាង២០០០ដុល្លារ ហើយការសាងសង់ជូនគាត់ដោយសន្យាថា នឹងធ្វើជូនគាត់មិនឲ្យគាត់ពិបាកទៀតទេ ហើយអ្វីដែលគួរសប្បាយចិត្តជំនួសគាត់ខ្លាំងនោះ គឺភ្នែករបស់គាត់បានមើលឃើញវិញហើយ ដោយក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្ត អង្គការ មូលនិធិចក្ខុ ជួយសង្គ្រោះពីភ្នែកពិការបានមើលឃើញវិញ៕