(ភ្នំពេញ)៖ គណបក្សខ្មែរតែមួយរបស់លោក កែម រិទ្ធិសិត ប្អូនប្រុសបង្កើតរបស់លោក កែម ឡី នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍ អបអរសាទរចំពោះការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី អាណត្តិទី៦។
តាមសេចក្តីថ្លែងការណ៍របស់គណបក្សខ្មែរតែមួយ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាបានអនុវត្តនូវរបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្នកាល។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅក្នុងនីតិកាលអាណត្តីនីមួយៗ គឺបានបង្ហាញពីគោលការណ៍ប្រជាធិបតេយ្យសេរី ការគោរពសិទិ្ធមនុស្សនិង ការគោរពឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោតបានសម្រេចចិត្តបោះឆ្នោត ជ្រើសរើសមេដឹកនាំប្រទេសកម្ពុជារបស់ខ្លួន។
បើតាមគណបក្សខ្មែរតែមួយ លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលអាណត្តិទី៦នៃរដ្ឋសភា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានបង្ហាញឲ្យឃើញថាប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោតបានសម្រេចចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានទទួលអាសនៈនៃរដ្ឋសភា១២៥លើ១២៥ នៃរាជធានី-ខេត្តទាំង២៥។ ដូច្នេះ ការបង្កើតរដ្ឋសភាថ្មី និងរាជរដ្ឋាភិបាលថ្មី នៃអាណត្តិថ្មីទី៦នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ គឺជាការ អនុវត្តតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនចាំចាច់ត្រូវការឲ្យបរទេសណា ឬប្រទេសណាផ្តល់ភាពស្របច្បាប់ ឲ្យប្រទេសកម្ពុជានោះទេ។
តាមសេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សខ្មែរតែមួយ សូមស្វាគមន៍ និងសូមអបអរសាទរចំពោះ រដ្ឋសភាថ្មី និងរាជរដ្ឋាភិបាលថ្មីនៃអាណត្តិថ្មីទី៦នៃរដ្ឋសភា ដើម្បីបន្តការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់កោះសន្តិភាព និងបន្តការអភិវឌ្ឍមាតុភូមិកម្ពុជា រីកចម្រើនគ្រប់វិស័យ»៕