(ភ្នំពេញ)៖ បន្ទាប់ពីជាប់ឆ្នោតជាតំណាងរាស្រ្តចំនួន២អាណត្តិជាប់ៗគ្នា ពេលនេះ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការទី០៧ នៃរដ្ឋសភាសម្រាប់អាណត្តិទី០៦ គឺគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។
សម្រាប់អាណត្តិទី៥ កន្លងទៅនេះ លោក ហ៊ុន ម៉ានី មានតួនាទីជាសមាជិកសភា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។
លោក ហ៊ុន ម៉ានី កើតនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៨២។ លោកជាកូនទី៤របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរកម្ពុជា។ លោកធ្លាប់ទៅសិក្សានៅប្រទេសបារាំង និងសហរដ្ឋអាមេរិកផ្នែកវិទ្យាសាស្ត្រនយោបាយរហូតដល់ឆ្នាំ២០០៥ និងបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលីផងដែរ។
ចន្លោះពី ២០០៩-២០១០ លោក ហ៊ុន ម៉ានី ដែលពេលនោះមានតួនាទីជាជំនួយការ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យការពារជាតិក្នុងសហរដ្ឋអាមេរិក ផ្នែកសន្តិសុខជាយុទ្ធសាស្ត្រ (Strategic security study) ដែលជាការសិក្សាផ្តោតលើការប្រឆាំងអំពើភេរវកម្ម ថែមទៀត៕