(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំរៀបចំក្បាលម៉ាស៊ីនដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មី បានបង្ហាញជាសាធារណៈនូវកម្មវិធីនយោបាយពិសេសៗ របស់រាជរដ្ឋាភិបាលអាណត្តិថ្មី សម្រាប់បន្តដំណើរការដឹកនាំប្រទេសកម្ពុជាឲ្យរីកចម្រើនទៅមុខទៀត។
ប្រសាសន៍សំខាន់ៗ និងគោលនយោបាយពិសេសៗ ដែលសម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំរួមមាន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ គឺជាការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ រីឯប្រជាពលរដ្ឋបានអញ្ជើញទៅបោះឆ្នោតក្នុងអត្រាជាង ៨៣ភាគរយ ក្នុងអត្រាមួយដ៏ច្រើននៃការបោះឆ្នោតនៅលើពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតនោះបង្ហាញឲ្យឃើញពីការគាំទ្រនូវសុខសន្តិភាព និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបង្ហាញពីការស្អប់ខ្ពើមនូវទង្វើពិសពុលរបស់ជនទុច្ចរិត ដែលមានចេតនាធ្វើបដិវត្តពណ៌រុញច្រានកម្ពុជាទៅក្នុងភ្លើងសង្គ្រាម។
* សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការបោះឆ្នោតនោះក៏បានបង្ហាញឲ្យឃើញពីការគាំទ្រចំពោះដំណើរការអភិវឌ្ឍ និងការធ្វើកំណែទម្រង់គ្រប់វិស័យរបស់រាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តប្រឹងប្រែងដ៏មុតស្រួចក្នុងការអភិវឌ្ឍជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយអភិវឌ្ឍន៍ជាតិក្នុងអាណត្តិថ្មី មានគោលបំណងឧត្តមគតិ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបម្រើជាតិ និងប្រជាជន ឆ្ពោះទៅកាន់ស្ថានភាពដ៏ល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ មន្ត្រីគ្រប់ស្ថាប័ន និងជាន់ថ្នាក់ផ្តល់នូវការគាំទ្រ និងអនុវត្តន៍ឲ្យបានពេញទំហឹងនូវគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល សំដៅសម្រេចឲ្យបានជាផ្លែផ្កាជាឧត្តមប្រយោជន៍របស់ប្រទេសជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងខិតខំប្រឹងបន្តទៀតក្នុងអាណត្តិទី៦នេះ ឲ្យទទួលបាននូវជោគជ័យត្រចះត្រចង់បន្តទៅមុខទៀត។
* សម្ដេចបានជូនដំណឹងថា លោក ស សុខា ត្រូវបានរាជរដ្ឋាភិបាលតែងតាំងទៅជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី នៅបន្តជាសមាជិកសភាដដែល ដោយឡែកសមាជិកសភា ដែលត្រូវបានតែងតាំងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬរដ្ឋលេខាធិការជាដើមនោះ ត្រូវលាលែងពីសមាជិកសភា។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរិះគន់រឿងធ្វើតុនៅក្នុងវិមានរដ្ឋសភាផងដែរ ដែលមានសភាពទាបពេក ពិបាកក្នុងការអានលិខិតផ្សេងៗ៕