(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវផ្តល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឲ្យបានលឿន និងទាន់ពេលវេលាសម្រាប់អាណត្តិទី៦ របស់រដ្ឋាភិបាលថ្មីនេះដោយសារតែ ប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រ រាជរដ្ឋាភិបាលថ្មីនេះរហូតដល់១២៥កៅអី។
ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការផ្តល់សេវាជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ដែលមានការចូលរួមពីអាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ចប៉ូលីសមូលដ្ឋានទាំងអស់ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ប្រមាណ៤០០នាក់។
លោក ឃួង ស្រេង បានបញ្ជាក់ថា «ដើម្បីឲ្យប្រជាប្រជាពលរដ្ឋគាំទ្រយើង យើងត្រូវធ្វើអីខ្លះជូនពួកគាត់ មានទាំងប៉ូលីស ម៉េអ៊ឹម ខណ្ឌ សង្កាត់ មានន័យថា យើងត្រូវបំរើពួកគាត់ទៅតាមតួនាទី ដែលយើងជួយគាត់បាន»។
លោកបញ្ជាក់បន្តថា «ការផ្តល់សេវាយឺតយ៉ាវ ត្រូវតែបញ្ចប់ ដើម្បីបង្កើនការទុកចិត្តពីប្រជាពលរដ្ឋ។ ក្នុងនាមយើងជាអ្នកបំរើ ត្រូវបំរើរាស្រ្តឲ្យរាស្ត្រពេញចិត្ត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ពន្ធប្រថាប់ត្រា ការផ្ទេរផ្ទូរអចលនទ្រព្យជាដើម ត្រូវតែផ្តល់ជូន និងជួយសម្រួលឲ្យពួកគាត់បានលឿននិងទាន់ពេល»។
លោក សារិន វណ្ណា ប្រធានមន្ទីរដែនដីរាជធានីភ្នំពេញ បានឲ្យដឹងថាមុននិងក្រោយការបោះឆ្នោត មន្ទីរបានធ្វើការងារជាច្រើនដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ មកដល់ពេលនេះបានផ្តល់ជូនបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ១២៣៧ក្បាលដីហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋដែលមានជីវភាពមធ្យមកំរិតទៀបទៅជាប្រជាពលរដ្ឋ ដែលមានជីវភាពមធ្យមកំរិតខ្ពស់។
បើតាមប្រធានមន្ទីរដែនដីរូបនេះ នេះក៏ជាចំណុចល្អមួយដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋបោះឆ្នោតជូនរហូតដល់បាន១២៥កៅអី។
លោកបន្តទៀតថា ក្នុងចំណោមបុរីទាំង១៨៩បុរីនៅក្នុងរាជធានីពេញ មន្ទីរបានជំរុញឲ្យធ្វើបណ្ណកម្មសិទ្ធិ បានមួយចំនួនហើយ មួយចំនួនទៀតនៅមិនទាន់ធ្វើ ដូច្នេះមន្ត្រីត្រូវរួមគ្នាធ្វើ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងបង្កើតប្រាក់ចំណូលពន្ធចូលរដ្ឋផងដែរ។
លោក សារិន វណ្ណា ក៏បានជំរុញឲ្យខណ្ឌទាំងអស់ កំណត់ដែនដីរបស់ខ្លួនគ្រប់គ្រងឲ្យបានច្បាស់លាស់ រវាងដីរបស់រដ្ឋ និងដីឯកជនចៀសវាង ការធ្វើប្លង់រួចហើយនៅតែខុស៕