(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា គ្រប់មន្ត្រីសុខាភិបាលប្រតិបត្តិក្រុង-ស្រុក ត្រូវខិតខំទប់ស្កាត់ឱ្យបាន នូវឱសថក្លែងក្លាយ ឱសថគ្មានគុណភាព ឱសថផុតកំណត់ប្រើប្រាស់ និងសេវាសុខាភិបាលខុសច្បាប់ ដែលតែងបង្កឲ្យមានផលវិបាកដល់សុខភាពប្រជាពលរដ្ឋ និងសង្គម ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក សុខ លូ បានថ្លែងយ៉ាងដូច្នេះ នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រប្រចាំឆមាសទី១ ឆ្នាំ២០១៨។

លោក សុខ លូ បានថ្លែងបន្តទៀត ដោយបានកោតសសើរចំពោះលោក-លោកស្រី ប្រធានគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខភិបាលខុសច្បាប់ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឲ្យសម្រេចបានជោគជ័យនេះ និងបន្តភារកិច្ចជាបន្តទៀត។

លោកអភិបាលខេត្តកំពង់ធំ ក៏បានលើកឡើងផងដែរថា យោងតាមរបាយការណ៍ របស់គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រខេត្តកំពង់ធំ មានសេវាថែទាំពិគ្រោះព្យាបាលចំនួន៤៣៧កន្លែង ក្នុងនោះ អត់ច្បាប់មាន១កន្លែង។ ដូច្នេះ សូមមន្ត្រីសុខាភិបាលក្រុង-ស្រុក ត្រូវធ្វើការចុះផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋាន ប្រកាសសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាលឲ្យបានញឹកញាប់ រួមគ្នាទប់ស្កាត់ការផ្សព្វផ្សាយផលិតផលខុសច្បាប់ ដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ព្រោះបច្ចុប្បន្ននេះប្រជាជនបាន និងកំពុងមកប្រើប្រាស់សេវាសុខាភិបាលសាធារណៈ មានការកើនឡើងជាលំដាប់ ដែលនេះជាកិច្ចការដែលយើងត្រូវយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត តាមយន្តការវិមជ្ឍការ និងវិសហវិមជ្ឍការ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕