(ភ្នំពេញ)៖ បញ្ជីឈ្មោះសមាសភាព នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលត្រូវបានប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបង្ហាញថា ចំនួនឧបនាយករដ្ឋមន្ដ្រី មាន១០រូប, ទេសរដ្ឋមន្ដ្រី មានចំនួន១៧រូប និងរដ្ឋមន្ដ្រីចំនួន២៩រូប។ នេះបើតាមបញ្ជីឈ្មោះដែលបណ្តាញព័ត៌មាន Fresh News ទទួលបានភ្លាមៗ ក្រោយចប់កិច្ចប្រជុំរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល។
បើប្រៀបធៀបបញ្ជីឈ្មោះសមាសភាពគណៈរដ្ឋមន្ដ្រីសម្រាប់អាណត្តិទី៥ និងអាណ្តត្តិទី៦ បានបង្ហាញថា ចំនួនឧបនាយករដ្ឋមន្ដ្រី បានកើនឡើងម្នាក់ (អាណត្តិទី៥ មានចំនួន៩នាក់) និងទេសរដ្ឋមន្ដ្រី កើនឡើង១៧នាក់ (អាណត្តិទី៥មានចំនួន១៥នាក់)។
យោងតាមការប្រៀបធៀប នៃបញ្ជីឈ្មោះសមាសភាពគណៈរដ្ឋមន្ដ្រី សម្រាប់អាណត្តិទាំង២ បានបញ្ជាក់ថា សម្រាប់អាណត្តិទី៥កន្លងទៅ ថ្នាក់ឧបនាយករដ្ឋមន្ដ្រី រួមមាន៖ លោក ស ខេង, លោក សុខ អាន, លោក ទៀ បាញ់, លោក គាត ឈន់, លោក ហោ ណាំហុង, លោកស្រី ម៉ែន សំអន, លោក ប៊ិន ឈិន, លោក យឹម ឆៃលី និងលោក កែ គឹមយ៉ាន។
ដោយឡែកនៅអាណត្តិទី៦នេះ ថ្នាក់ឧបនាយករដ្ឋមន្ដ្រី រួមមាន៖ សម្ដេចក្រឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់, លោក ហោ ណាំហុង, លោកស្រី ម៉ែន សំអន, លោក ប៊ិន ឈិន, លោក យឹម ឆៃលី, លោក កែ គឹមយ៉ាន, លោក ប្រាក់ សុខុន (តម្លើងថ្មី), លោក អូនព័ន្ធ មុនីរ័ត្ន (តម្លើងថ្មី) និងលោក ជា សុផារ៉ា (តម្លើងថ្មី)។ សម្រាប់អាណត្តិទី៦នេះ ថ្នាក់ទេសរដ្ឋមន្ដ្រី ត្រូវបានបន្ថែម២រូបទៀត គឺលោក ហូ សិទ្ធី និងលោក អូស្មាន ហាស្សាន់។
ខាងក្រោមនេះជាការប្រៀបធៀបបញ្ជីឈ្មោះសមាសភាពគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទាំង២៖