(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាមន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាល ត្រូវយកចិត្តទុកដាក់ខ្ពស់លើជំនាញ​របស់ខ្លួន ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងការអនុវត្តនីតិវិធីលើការងារជំនាញ ឲ្យកាន់តែមានភាពឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់បំផុត។

បើតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ស្នងការ ការងារកាន់តែចាំបាច់នោះ មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាល ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ក្នុងកិច្ចការងារទាក់ទងនឹងសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផងដែរ។

ការថ្លែងដោយដាក់បទបញ្ជាជាថ្មីនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអត្តសញ្ញាណកម្ម កិច្ចសហប្រតិបត្តិការរយៈពេល៩ខែ និងលើកទិសដៅភារកិច្ចអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០១៨ ព្រមទាំងពង្រឹងកិច្ចការងារជំនាញមួយចំនួនក្នុងផែននេះ។

សមាសភាពចូលរួមក្នុងកម្មវិធីប្រជុំនេះមាន លោកអនុប្រធានផែនជំនាញ នាយ-នាយរងការិយាល័យជំនាញ នាយ-នាយរងផ្នែក នៃផែនអត្តសញ្ញាណកម្ម និងអធិការ-អធិការរងស្រុក-ក្រុង ទទួលការងារផែនអត្តសញ្ញាណកម្ម មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១០៩ សរុបចំនួន​២០៣នាក់៕