(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្ដចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង នៅស្រុកកោះសូទិន។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីត៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពី លោកបានទទួលព័ត៌មានអំពីបទល្មើសនេសាទខុសច្បាប់ និងបានបញ្ជាលោក អ៊ឹម ឃឿន អធិការនគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំងនគរបាលរដ្ឋបាលពង្រ និងកម្លាំងអន្តរាគមន៍ពិសេស ដឹកនាំដោយលោក ឡោ ស៊ាងហ៊ត់ អធិការរងទទួលការងារគ្រឿងញៀន បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចព្រែកពង្រ និងក្រោយភូមិសាស្រ្តឃុំពង្រ ឃុំមហាលាភ ស្រុកកោះសូទិន។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលកម្លាំងជំនាញដកហូតបាន លូស្បៃមុង ចំនួន១៥មាត់, របាំងព្រួល ប្រវែង១,០២០ម៉ែត្រ, បង្គោលឫស្សី ចំនួន២៥៨ដើម និងចាក់លែងកូនត្រីចម្រុះចូលក្នុងបឹងធម្មជាតិចំនួន២១៥គីឡូក្រាម។
ចំពោះសម្ភារវត្ថុតាង បានដុតបំផ្លាញចោលនៅនឹងកន្លែង ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញារអមសាលាដំបូងខេត្តកំពង់ចាម។ ចំពោះលូស្បៃមុង បានដឹកជញ្ជូនមករក្សាទុកនៅសាលាស្រុកកោះសូទិន៕