(ភ្នំពេញ)៖ ដើម្បីអបអរសាទរការបំបែកឯតទគ្គកម្មរយៈពេល ៦៤ឆ្នាំរបស់កម្ពុជា ក្នុងការដណ្តើមបានមេដាយមាស ២ និងសំរឹទ្ធ ១ ពីព្រឹត្តិការណ៍កីឡាអាស៊ី Asian Games 2018 នៅឥណ្ឌូនេស៊ី ណាហ្គាវើលដ៍ បានឧបត្ថម្ភថវិកាចំនួន ២៣,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត និងអបអរសាទរវីរកីឡាករ សាលី អ៊ូមើត និងវីរកីឡាការិនី ខាន់ ចេសា ដែលខិតខំដណ្ដើមបានមេដាយជូនជាតិពីព្រឹត្តិការណ៍កីឡាប្រចាំទ្វីបដ៏ធំ ៤ឆ្នាំម្ដងនេះ ។
ការផ្ដល់រង្វាន់លើកទឹកដល់ម្ចាស់មេដាយ Asian Games នេះ បានធ្វើឡើង នៅសាលមហោស្រព NABA នៅណាហ្គាទី២ ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC), លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្ម និងគណៈគ្រប់គ្រងរបស់ណាហ្គាវើលដ៍ ពិសេសគឺវត្តមានរបស់វីរកីឡាករ-វីរកីឡាការិនីឆ្នើម សាលី អ៊ូមើត និងកញ្ញា ខាន់ ចេសា ផ្ទាល់តែម្ដង ។
សម្រាប់វីរកីឡាករ សាលី អ៊ូមើត គឺទទួលបានសរុប ១៣,០០០ដុល្លារ ក្នុងនាមម្ចាស់មេដាយមាស ១ និងសំរឹទ្ធ ១ លើប្រភេទកីឡាម៉ូតូទឹក ពោលគឺមេដាយមាស ១ ទទួលបាន ១ម៉ឺនដុល្លារ និងមេដាយសំរឹទ្ធ ១ ទទួលបាន ៣,០០០ដុល្លារ ។ រីឯវីរកីឡាការិនី ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១ លើប្រភេទកីឡាជឺជិតស៊ូ គឺទទួលបាន ១ម៉ឺនដុល្លារ ។ លើសពីនេះ ណាហ្គាវើលដ៍ ក៏បានផ្ដល់ទឹកប្រាក់ ១,៥០០ដុល្លារដល់ NOCC សម្រាប់មេដាយទាំង ៣គ្រឿង ដែលអត្តពលិកកម្ពុជាដណ្ដើមបានផងដែរ ។
លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ មានលើកឡើងថា “យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានទទួលស្វាគមន៍អត្តពលិកជ័យលាភីរបស់យើងពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី ឆ្នាំ២០១៨ ។ មេដាយមាស ២ និងមេដាយសំរឹទ្ធ ១ គឺជាលទ្ធផលល្អបំផុត ដែលកម្ពុជាមិនធ្លាប់ធ្វើបានក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ី ហើយណាហ្គាវើលដ៍មានមោទនភាពយ៉ាងខ្លាំង ចំពោះស្នាដៃដ៏ត្រចះត្រចង់របស់អត្តពលិកកម្ពុជាក្នុងការជួយធ្វើឲ្យលេខរៀងកីឡារបស់កម្ពុជាមានចំណាត់ថ្នាក់ល្អជាងមុនៗ ក្នុងចំណោមប្រទេស ៤៥ ដែលបានចូលរួមប្រកួត” ។
ឆ្លៀតក្នុងឱកាសនោះលោកបណ្ឌិត ថោង ខុន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះណាហ្គាវើលដ៍ ដែលតែងតែរួមចំណែកលើកស្ទួយ និងអភិវឌ្ឍន៍វិស័យកីឡាជាតិ ក្នុងនាមជាដៃគូរបស់ NOCC ហើយលោករដ្ឋមន្ដ្រីសង្ឃឹមថា ណាហ្គាវើលដ៍ នឹងបន្ដចូលរួមគាំទ្រ និងជួយឧបត្ថម្ភដល់វិស័យកីឡាកម្ពុជាបន្ដទៀត ដើម្បីជំរុញវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍កីឡាអន្ដរជាតិធំៗជាច្រើនទៀត ពិសេសគឺរួមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះតែម្ដង ។
គួរបញ្ជាក់ថា ក្រោយធ្វើដំណើរមកដល់មាតុភូមិភ្លាមៗ កាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រគល់ប្រាក់រង្វាន់ជ័យលាភីរបស់រាជរដ្ឋាភិបាលដល់ម្ចាស់មេដាយ រួមទាំងគ្រូបង្វឹករួចហើយ ដោយមេដាយមាស ទទួលបាន ៨០លានរៀល, ប្រាក់ ៤០លានរៀល និងសំរឹទ្ធ ២៤លានរៀល ខណៈគ្រូបង្វឹក ក៏ទទួលបានប្រាក់រង្វាន់ស្មើកូនសិស្ស ឈ្នះមេដាយខ្ពស់ជាងគេ ។ លើសពីនេះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេច ដោយមេដាយមាស ទទួលបាន ១ម៉ឺនដុល្លារ, ប្រាក់ ៥ពាន់ដុល្លារ និងសំរឹទ្ធចំនួន ៣ពាន់ដុល្លារផងដែរ ៕