(ភ្នំពេញ)៖ នៅសល់តែប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះ ពលរដ្ឋខ្មែរនិងពិភពលោកទាំងមូលនឹងបានដឹងច្បាស់ថា តើក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភាថ្មី និងរាជរដ្ឋាភិបាលថ្មី មានសមាសភាពនរណាខ្លះ ខណៈរហូតមកទល់ពេលនេះព័ត៌មានជុំវិញសមាសភាពគណៈរដ្ឋមន្ត្រី ត្រូវបានរក្សាការសម្ងាត់បានយ៉ាងខ្ពស់បំផុតគ្មានការបែកធ្លាយអ្វីបន្តិចសោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាមានតែមនុស្ស៤នាក់ប៉ុណ្ណោះដែលដឹងអំពីសមាសភាព រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦។ រហូតមកទល់ពេលនេះសំណួរនៅតែចោទសួរក្នុងចិត្ត ប្រជាពលរដ្ឋ ហើយខ្លាំង ជាងគេគឺមន្ត្រីរាជការនៅតាមក្រសួងនានារបស់រាជរដ្ឋាភិបាលដែលរង់ចាំអ៊ុតថា តើរដ្ឋមន្ត្រីរបស់ខ្លួននឹងត្រូវបន្តដឹកនាំក្រសួងដដែលទៀត ឬត្រូវប្តូរទៅកាន់ក្រសួងថ្មី ឬត្រូវចូលនិវត្តន៍ ឬក៏ត្រូវនៅធ្វើជាតំណាងរាស្ត្រ?
តើឥស្សរជនរូបណាខ្លះដែលនឹងត្រូវទទួលបានសេចក្តីទុកចិត្តដឹកនាំស្ថាប័ននានាចំណុះឱ្យរាជរដ្ឋាភិបាល? គឺនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ហិបសម្ងាត់នឹងត្រូវបើកឡើង តាមរយៈការបោះឆ្នោតបង្កើតក្បាលម៉ាស៊ីន ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលដោយអនុលោមតាមមាត្រ៤ នៃច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ក្រោយពីតំណាងរាស្ត្រទាំង១២៥ រូបទទួលបានសុពលភាព និងធ្វើសច្ចាប្រណិធាននៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៨។
ការចាប់អារម្មណ៍ខ្លាំង គឺទៅលើការសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលនឹងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន! ទោះជារដ្ឋាភិបាលថ្មី មិនទាន់ប្រសូតចេញជារូបរាង ប៉ុន្តែយោងតាម ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ននេះដែលគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា កន្លងទៅទទួលបានអាសនៈ ១២៥/១២៥ នៅរដ្ឋសភា ពលរដ្ឋខ្មែរអាចមើលឃើញថា សម្តេចតេជោ ហ៊ុន សែន ដែលនឹងបន្តតំណែងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៦ នឹងរៀបចំសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលប្រកបដោយភាពសកម្មពោរពេញទៅដោយថាមពល និងសមត្ថភាពខ្ពស់ ព្រមទាំងមានការទទួលខុសត្រូវខ្ពស់ មានគោលនយោបាយដ៏ត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងការ ផ្តល់នូវទំនុកចិត្តរបស់ពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា និងមកលើសម្តេចក្នុងការដឹកនាំប្រទេស ការពារនូវសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះ។
រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនកាន់តែខ្លាំងថែមទៀត ដើម្បីសម្រេចឱ្យបាននូវគោលដៅធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូកកម្រិតខ្ពស់នៅឆ្នាំ២០៥០ និងដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច រួមនឹងសេចក្តីសុខរបស់ពលរដ្ឋខ្មែរផងដែរ។
ទី១)៖ តើនរណាខ្លះអាចជាសមាជិករដ្ឋាភិបាលអាណត្តិថ្មី?
គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិកគ្រប់ជាន់ថ្នាក់របស់គណបក្ស។ ទន្ទឹមនឹងការបំពេញ ការងារប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព សមាជិករាជរដ្ឋាភិបាលទាំងអស់ ជាពិសេសរដ្ឋមន្ត្រីនៃក្រសួងនីមួយៗ និងមានតួនាទីជាប្រធានគណបក្សក្រសួងផង បានខិតខំប្រឹងប្រែងនិងបានលះបង់ទាំងកម្លាំងកាយកម្លាំងបញ្ញា ធនធានដើម្បីទ្រទ្រង់លើការងារបក្សនៅមូលដ្ឋានចុះជាប់ជាមួយប្រជាពលរដ្ឋ ជួយដោះស្រាយទុក្ខលំបាកសព្វ បែបយ៉ាង រហូតដល់ពលរដ្ឋនៅតាមមូលដ្ឋានចាត់ទុកថាជាកូនចៅរបស់ពួកគាត់ផ្ទាល់។ សន្លឹកឆ្នោតដែលពលរដ្ឋខ្មែរបោះជូនគណបក្សប្រជាជនកម្ពុជា ៧៧% គឹបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគណបក្សទាំងអស់ ដែលខិតខំបម្រើប្រជាពលរដ្ឋ។
ដូច្នេះរដ្ឋមន្ត្រីដែលដឹកនាំក្រសួងអាណត្តិទី៥ នឹងអាចត្រូវបានផ្តល់សេចក្តីទុកចិត្តបន្តការដឹកនាំក្រសួងស្ថាប័ន ក្នុងរយៈពេលមួយសមស្របដើម្បីជាការតបស្នងចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋមន្ត្រីទាំងអស់នោះដែលជាប្រធាន ស្ថាប័នដឹកនាំធ្វើកំណែទម្រង់ និងអនុវត្តតាមផែនការយុទ្ធសាស្ត្រនាំឱ្យដំណើរកម្ពុជា បោះឆ្នោះលឿនទៅរកភាពរុងរឿង និងជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ម្យ៉ាងទៀតការរក្សានូវរដ្ឋមន្ត្រីវ័យចាស់ៗមួយចំនួន ឱ្យនៅបន្តកាន់តំណែង ដើម្បីរក្សាសាមគ្គីភាពផ្ទៃក្នុង និងជួយបង្ហាត់បង្រៀនធនធានមនុស្ស ជំនាន់ក្រោយ ឱ្យយល់ដឹងពីការងាររាក់ជ្រៅរបស់ក្រសួងស្ថាប័ន ព្រោះការដឹកនាំក្រសួងស្ថាប័នមួយ មិនងាយស្រួលដូចការនិយាយឡើយត្រូវការចាំបាច់នូវបទពិសោធ និងភាពទន់ភ្លន់លើការងារដឹកនាំនិងដោះស្រាយបញ្ហា។ ប៉ុន្តែគេក៏អាចមើលឃើញពីការផ្លាស់ប្តូររដ្ឋមន្ត្រី នៃក្រសួងមួយចំនួនផងដែរ ដើម្បីដាក់ធនធានមនុស្សថ្មី ដែលប្រកបដោយថាម
ពលខ្លាំងទ្រទ្រង់លើប្រតិបត្តិការនៃក្រសួងស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាពកាន់ខ្លាំង។
ជាមួយគ្នាននេះនៅអាណត្តិទី៦នេះ គេក៏ត្រូវត្រៀមចិត្តឱ្យហើយផងដែរថា ទំនងសម្តេចតេជោ ហ៊ុន សេន ក៏នឹងធ្វើការរុះរើគណៈរដ្ឋមន្ត្រីក្នុងករណីចាំបាច់ផងដែរ ដើម្បីឆ្លើយតបនឹង ការវិវឌ្ឍសភាពការណ៍ និងតម្រូវការចាំបាច់នៃសង្គមជាតិ ដូចសម្តេចបានធ្វើរួចមកហើយនៅក្នុងអាណត្តិទី៥ ដោយផ្លាស់ប្តូរសមាសភាពរដ្ឋមន្ត្រីមួយចំនួន។
ទី២)៖ ឈាមចាស់រួមឈាមថ្មីដើម្បីបុព្វហេតុជាតិមាតុភូមិ៖
នៅក្នុងចក្ខុវិស័យវែងឆ្ងាយមួយ សម្តេចតេជោ ហ៊ុន សែន ពិតជាបានគិតគូរយ៉ាងហ្មតចត់ជាទីបំផុត លើអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់បច្ចុប្បន្ន និងតទៅអនាគត។ ឆ្លងតាមរយៈការយកចិត្តទុកដាក់ដ៏ខ្ពស់និងកំណើននៃធនធានមនុស្សជាយុវជនរបស់គណបក្សប្រជាជនកម្ពុជា យុវជនប្រកប ដោយថាមពល និងចំណេះដឹងខ្ពស់ត្រូវបានរំពឹងថា នឹងលេចមុខច្រើននៅក្នុងឋានៈជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមក្រសួងនីមួយៗ។ កម្លាំងយុវជនទាំងនេះ គឺជាកម្លាំងចលករយ៉ាងរឹងមាំនិងជាធនាគារខួរក្បាលរបស់ជាតិ ដែលនឹងត្រូវបានផ្តល់ឱកាសចូលរួមកសាង និងអភិវឌ្ឍជាតិឱ្យរីកចម្រើនរុងរឿងទៅមុខ។
នៅកម្ពុជា យុវជនមានចំនួនប្រមាណ ៦៥% នៃចំនួនប្រជាជនសរុប គឺជាកម្លាំងស្នូលរបស់ប្រទេសជាតិ។ ការបញ្ចូលកម្លាំងយុវជនក្នុងការដឹកនាំប្រទេស គឺជាការគិតគូរគ្រប់ ជ្រុងជ្រោយរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបង្កើនសមត្ថភាពដឹកនាំរបស់មនុស្សជំនាន់ក្រោយ និងជាការគិតគូរប្រកបដោយគតិបណ្ឌិតក្នុងការកសាងធនធានមនុស្សប្រកប ដោយចំណេះដឹង និងការទទួលខុសត្រូវដើម្បីបន្តវេនដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍដែលយុវជនជំនាន់សម្តេចបានលះបង់សព្វបែបយ៉ាង និងយកជីវិតធ្វើជា ដើមទុនដើម្បីប្តូរយកនូវភាពសុខក្សេមក្សាន្ត និងការរីកចម្រើនជូនជាតិដូចសព្វថ្ងៃនេះ។
ការបញ្ចូលឈាមថ្មីនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងដើម្បី ទី១៖ ឆ្លើយតបទៅនឹងសភាពការណ៍ និងដំណើររីកធំធាត់ឥតឈប់ឈរនៃការគាំទ្ររបស់ពលរដ្ឋ មកលើគណបក្សប្រជាជនកម្ពុជា។ ទី២៖ ការបន្តវេនដឹកនាំពីសំណាក់សមាជិកបក្សពីមួយជំនាន់ទៅមួយជំនាន់ទៀត។ ទី៣៖ ពង្រីកនិងពង្រឹងសាមគ្គីភាពឱ្យកាន់តែខ្លាំងនូវកម្លាំង ដឹកនាំក្រោមដំបូលរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងថែមទៀតបម្រើជាតិ និងប្រជាពលរដ្ឋលើគ្រប់វិស័យ។ ទី៤៖ បញ្ចូលឈាមថ្មីដែលជាសមាជិកបក្សវ័យក្មេងប្រកបដោយថាមពល ដើម្បីពង្រឹងកម្លាំងបម្រើនិងកសាងជាតិ។ យុវជនដែលនឹងក្លាយជាថ្នាក់ដឹកនាំក្នុងក្រសួងស្ថាប័ននេះ គឺជាឈាមថ្មី ដែលនឹងបញ្ចូលក្នុងចង្កោមក្រុមថ្នាក់ដឹកនាំ នឹងធ្វើឱ្យរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កាន់តែរឹងមាំថែមទៀត ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការ អភិវឌ្ឍរីកចម្រើនកាន់តែខ្លាំង និងការពារសន្តិភាពនិងស្ថិរភាពនយោបាយបានរឹងមាំ។
នៅក្នុងរយៈពេលកន្លងទៅនេះ ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា បានដឹកនាំការសង្គ្រោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ស្តារនិងកសាងជាតិ មាតុភូមិឡើងវិញចេញពីគំនរផេះផង់ ឈាម និងទឹកភ្នែកឱ្យបោះជំហានទៅមុខប្រកបដោយមោទនភាព លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាច្រើនដងរួចមកហើយថា សន្តិភាពស្ថិរភាពនយោបាយមានភាពរឹងមាំដំណើរការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យបន្តរីកចម្រើនក្នុង សន្ទុះដ៏ខ្លាំងក្លា ជាពិសេសដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋត្រូវបានពង្រឹងដើម្បីធានាផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។
ប្រការនេះបានឆ្លុះបញ្ចាំងនូវការដឹកនាំដ៏ត្រឹមត្រូវ នៃរាជរដ្ឋាភិបាលព្រមទាំងការចូលរួមដ៏សកម្មរបស់អង្គការចាត់តាំងគណបក្ស និងមន្ត្រីនៅគ្រប់ថ្នាក់ ដែលបានពុះពារអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ។ ប្រឈមនឹងការវិវឌ្ឍថ្មីៗនៃស្ថានការណ៍តំបន់និងពិភពលោក និងការបង្កឡើងដោយក្រុមប្រឆាំង និងមជ្ឈដ្ឋានអគិតខាងក្រៅ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចាំបាច់ត្រូវបង្កើនកម្លាំង និងត្រៀមខ្លួនគ្រប់ពេលទាំងអស់។
ដោយសារការគិតគូរគ្រប់ជ្រុងជ្រោយ និងមានយុទ្ធសាស្ត្រ និងផែនការការងារត្រឹមត្រូវ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបាននូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដើម្បី ដឹកនាំប្រទេស ការពារសន្តិភាព និង ការអភិវឌ្ឍដែលកម្ពុជាមាន ហើយរហូតមកទល់ពេលនេះគឺពលរដ្ឋខ្មែរបានយល់យ៉ាងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលមានសមត្ថភាពឈរជើងការពារសុខសន្តិភាព ជូនប្រជាពលរដ្ឋកម្ពុជាបាន។ ដូច្នេះការបញ្ចូលឈាមថ្មីជាយុវជនក្នុង ជួរថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅពេលនេះ គឺកាន់តែធ្វើឱ្យរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា កាន់តែខ្លាំងថែមទៀតនៅចំពោះមុខបញ្ហាទាំងឡាយជាអាយុជីវិតរបស់ជាតិ និងផលប្រយោជន៍ប្រជាជន។
ឈាមចាស់រួមឈាមថ្មី បង្កើតថាមពលថ្មី និងជំនឿថ្មី នៅលើគោលដៅចាស់ គឺការបម្រើបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា!
ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨