(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ (បេក្ខជន) តំណាងរាស្រ្តជាប់ឆ្នោតទាំង១២៥រូប របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ បានចូលប្រជុំរដ្ឋសភាជាលើកដំបូង សម្រាប់នីតិកាលទី០៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
ក្រៅពីសមាសភាពតំណាងរាស្ត្រទាំង១២៥រូប ការបើកសម័យប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាចំនួន២២ប្រទេស មានការចូលរួមពីតំណាងអង្គការអន្តរជាតិធំៗចំនួន៥ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនទៀតផងដែរ។
ស្ថានភាពបើកសម័យប្រជុំរដ្ឋសភា ជាលើកដំបូងនៅក្នុងនីតិកាលទី០៦ មានលក្ខណៈល្អប្រសើរ ខណៈសន្តិសុខសណ្តាប់ធ្នាប់ត្រូវបានរៀបចំយ៉ាងល្អទាំងនៅខាងក្នុង និងនៅខាងក្រៅ រដ្ឋសភា។ ដោយឡែកនៅបរិវេណជុំវិញរដ្ឋសភាវិញ គេសង្កេតឃើញថា មិនមានភាពតានតឹងអ្វីដូចឆ្នាំ២០១៣នោះឡើយ។ អ្នកព័ត៌មានជាតិ និងអន្តរជាតិជាច្រើន បានចូលរួមប្រមាញ់យកព័ត៌មានអំពីកិច្ចប្រជុំដ៏មានសារសំខាន់មួយនេះ។
ក្នុងព្រះរាជសុន្ទរកថា ក្នុងឱកាសបើកសម័យប្រជុំលើកដំបូងនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះអង្គព្រះសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះការបើកសម័យប្រជុំលើកដំបូងនេះ ហើយបានសម្តែងនូវការសាទរចំពោះសមាជិករដ្ឋសភាអាណត្តិថ្មីទាំងអស់ ដែលប្រជាពលរដ្ឋបានសម្តែងឆន្ទៈ និងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតកន្លងទៅនេះ។
ព្រះមហាក្សត្រ ទ្រង់ក៏មានជំនឿទៅលើរដ្ឋសភាអាណត្តិថ្មី ដែលនឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបន្តនីរន្តរភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កសាងកម្ពុជាជារដ្ឋដ៏រឹងមាំ និងជឿនលឿនដោយផ្អែកលើច្បាប់ ធានាដល់ការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ ព្រះរាជាណាចក្រកម្ពុជា ទ្រង់មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិថ្មីនេះ នឹងបន្តលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គមបន្ថែមទៀត។
បន្ទាប់ពីមានព្រះរាជសុន្ទរកថា ដើម្បីបើកសម័យប្រជុំលើកដំបូង ព្រះមហាក្សត្រ ទ្រង់យាងថតរូបអនុស្សាវរីយ៍ ជាមួយបេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត នីតិកាលទី០៦ នៃរដ្ឋសភា ហើយព្រះអង្គយាងនិវត្តន៍ទៅកាន់ព្រះបរមរាជវាំងវិញ។
បន្ទាប់ពីការយាងនិវត្តរបស់ព្រះមហាក្សត្រ ទៅកាន់ព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី០៥ ខែកញ្ញាដដែលនោះ សម្តេច ហេង សំរិន ជាព្រឹទ្ធសមាជិករដ្ឋភា (សមាជិកដែលមានអាយុច្រើនជាងគេ) បានដឹកនាំសម័យប្រជុំបន្ត ហើយរដ្ឋសភា បានសម្រេចប្រកាសសុពលភាពតំណាងរាស្រ្តជាប់ឆ្នោតទាំង១២៥រូប ហើយអនុម័តបទបញ្ជាផ្ទៃក្នុងសម្រាប់នីតិកាលទី០៦តែម្តង។
ដោយឡែកនៅពេលរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២៖៣០នាទី តំណាងរាស្ត្រទាំង១២៥រូបមកពីគណបក្សប្រជាជនកម្ពុជា បានជួបជុំនៅវិមានរដ្ឋសភា ហើយចេញដំណើរដើម្បីចូលធ្វើពិធីសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង មុននឹងចាប់ផ្តើមបំពេញការងារបម្រើជាតិ និងប្រជាជន។
ការធ្វើពិធីសច្ចាប្រណិធាននេះ ដើម្បីប្រាកដថា តំណាងរាស្ត្រទាំងអស់បម្រើការងារប្រកបដោយភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជន ជាពិសេសធានាបានថា ការបំពេញការងាររបស់តំណាងរាស្ត្រទាំងអស់នឹងមិនក្បត់ចំពោះប្រយោជន៍ជាតិ និងប្រជាជន ដើម្បីប្រយោជន៍របស់ជនបរទេសនោះឡើយ។ ខាងក្រោមគឺជាពាក្យពេចន៍សច្ចាប្រណិធានទាំងស្រុង ដែលអ្នកតំណាងរាស្ត្រទាំងអស់នឹងត្រូវសូត្រតាមសម្តេចព្រះសង្ឃរាជ៖
ទូលព្រះបង្គំ យើងខ្ញុំ ប្រធាន អនុប្រធាន និងសមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសូមធ្វើសច្ចាប្រណិធាន នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រដូចតទៅ។
ក្នុងពេលប្រតិបត្តិការតាមមុខតំណែងខ្លួន និងក្នុងការបំពេញបេសកកម្ម ដែលប្រជារាស្ត្រកម្ពុជា បានប្រគល់ជូនចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់ៗរូប ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។ ទូលព្រះបង្គមយើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្ខពួក ឬសម្រាប់ភាគីរៀងៗខ្លួនឡើយ។
ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាប្តូរផ្តាច់ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវឯករាជ្យភាពទាំងស្រុងនៃមាតុភូមិកម្ពុជា អធិបតេយ្យភាពជាតិពេញបរិបូរណ៍ បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មានក្នុងជំនាន់ឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៩ ឯកភាពជាតិ ហើយមិនអនុញ្ញាតឲ្យមានការបែងចែក ឬការធ្វើអបគមន៍ណាមួយឡើយ។
ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវអព្យាក្រឹតភាព និងភាពមិនចូលបក្សសម្ព័ន្ធសម្រាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាតឲ្យជនណាក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជា ចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជាបានឡើយ។
ទូលបង្គំយើងខ្ញុំ មិនបម្រើជាដាច់ខាតនូវផលប្រយោជន៍បរទេស ហើយធ្វើឲ្យខូចខាតដល់ផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ។ ក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិ និងអន្តរជាតិ ទូលព្រះបង្គំយើងខ្ញុំ នឹងបំបាត់ចោលទាំងស្រុងនូវអំពើហឹង្សាគ្រប់បែបយ៉ាង។ ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុកនូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនឹងការរំលោភឈ្លានពានមកពីក្រៅ ដើម្បីការពារជាតិមាតុភូមិខ្លួន។
ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិមនុស្ស ដូចមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្ស។
ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាពសង្គម និងសន្តិភាពជាតិ ដើម្បីភាពសម្បូរសប្បាយនៃប្រជារាស្ត្រកម្ពុជា និងដើម្បីរក្សាភាពរុងរឿងថ្កើងថ្កាននៃមាតុភូមិកម្ពុជា ជាទីគោរពសក្ការៈ និងជាទីស្នេហានៃទូលបង្គំយើងខ្ញុំគ្រប់រូប។
ក្រោយពេលប្រកាសសុពលភាព និងស្បថចូលកាន់តំណែងនៅព្រះបរមរាជវាំងហើយនោះ មានន័យថាចាប់ពីពេលនេះតទៅ តំណាងរាស្រ្តជាប់ឆ្នោតទាំង១២៥រូប មានសិទ្ធិពេញលេញជាតំណាងរាស្រ្ត សម្រាប់រដ្ឋសភា នីតិកាលទី០៦ ដែលមានអភ័យឯកសិទ្ធិពិសេសរយៈពេល៥ឆ្នាំ និងបំពេញភារកិច្ចរបស់ខ្លួនពេញលេញ ក្នុងនាមតំណាងរាស្រ្តផងដែរ៕