(ត្បូងឃ្មុំ)៖ ដើម្បីបង្កើនសុវត្ថិភាពនូវគុណភាពទំនិញជាម្ហូបអាហារ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានឲ្យមន្ត្រីកាំកុងត្រូល ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងផ្លុង បន្តធ្វើការត្រួតពិនិត្យ និងធ្វើការវិភាគបឋមលើបន្លែនាំចូលមួយចំនួន ពីប្រទេសវៀតណាម ក្រោមការណែនាំរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ឲ្យពិនិត្យជាប់ជាប្រចាំ តាមបណ្តាច្រកព្រំដែនទាំងអស់ទូទាំងប្រទេស ក្នុងគោលបំណងធានាគុណភាព សុវត្ថិភាពម្ហូបអាហារនាំចូល សំដៅការពារដល់សុខភាពអ្នកបរិភោគទូទៅ ។
មុខបន្លែដែលត្រូវបានត្រួតពិនិត្យ និងដកយកគំរូសំរាប់ការវិភាគបឋម នៅនឹងកន្លែងរួមមាន៖ ស្ពៃក្រញាញ់, ម្ទេសប្លោក, ប៉េងប៉ោះ, និងត្រប់ ជាលទ្ធផលគ្មានសារធាតុគីមី formalin ធ្វើអោយបន្លែនៅស្រស់ មិនស្អុយរលួយ និងទុកបានយូរ ដែលប៉ះពាល់សុខភាព អ្នកទទួលទាននោះទេ។
មន្រ្តីកាំកុងត្រូលប្រចាំច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង បានឲ្យដឹងថា បន្លែទាំងនោះមានលក្ខណវេចខ្ចប់ និងរៀបចំមានអនាម័យ និងដឹកជញ្ជូនត្រឹមត្រូវ ហើយបន្លែទាំងនោះមានសភាពស្រស់ មិនស្វិតរលួយ ប្រកបដោយភាព អនុលោមផ្នែកគុណភាព។ ទន្ទឹមនោះតាមរយៈ លទ្ធផលវិភាគបឋមក៏ ពុំមានវត្តមានសារធាតុគីមីហាមឃាត់ ដែលអាចប៉ះពាល់ ផ្នែកសុវត្ថិភាពដល់អ្នកបរិភោគឡើយ។
លើសពីនេះមន្រី្តកាំកុងត្រូលនៅបាន បញ្ជូនគំរូផលិតផលបន្លែមួយចំនួនទៀត ទៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីវិភាគមើលវត្តមានសារធាតុគីមី ហាមឃាត់ផ្សេងទៀត៕