(ភ្នំពេញ)៖ គណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា កូនប្រុសរបស់លោក គង់ គាំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍ សម្តែងការគាំទ្រដល់សម័យប្រជុំដំបូង ដែលប្រកាសសុពលភាពតំណាងរាស្ត្រជាប់ឆ្នោតទាំង១២៥រូប របស់គណបក្សប្រជាជនកម្ពុជា។
សេចក្តីថ្លែងការណ៍របស់គណបក្សឆន្ទៈខ្មែរ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សឆន្ទៈខ្មែរ ថ្ងៃនេះសូមគាំទ្រសម័យប្រជុំដំបូង ដែលប្រកាសសុពលភាពតំណារាស្ត្រជាប់ឆ្នោត ចូលស្បថក្រោមព្រះរាជធិបតីរបស់ព្រះមហាក្សត្រ ដើម្បីរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៦ ចាប់ដំណើរការជាផ្លូវការ និងស្របច្បាប់ បន្តគ្រប់គ្រង ដឹកនាំព្រះរាជាណាចក្រកម្ពុជា ក្នុងស្ថិរភាព និងភាពសុខចម្រើនតាមគន្លងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជាទៀងទាត់តទៅ»។
សូមជម្រាបថា បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយៈពេលជាង១ខែក្រោយពេលបោះឆ្នោតនោះ រដ្ឋសភានីតិកាលថ្មី បានលេចចេញជារូបរាងនៅព្រឹកថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ហើយក៏ជាថ្ងៃដែលបានឃើញវត្តមានតំណាងរាស្ត្រទាំង១២៥រូប មកពីគណបក្សប្រជាជនកម្ពុជា ដែលនឹងធ្វើការបម្រើប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក្នុងអាណត្តិទី៦ រយៈពេល៥ឆ្នាំផងដែរ។
តំណាងរាស្ត្រទាំង១២៥រូប មកពីគណបក្សប្រជាជនកម្ពុជា បានចូលធ្វើពិធីសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ មុននឹងចាប់ផ្តើមបំពេញការងារបម្រើជាតិ និងប្រជាជន។
ការធ្វើពិធីសច្ចាប្រណិធាននេះ ដើម្បីប្រាកដថា តំណាងរាស្ត្រទាំងអស់បម្រើការងារប្រកបដោយភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជន ជាពិសេសធានាបានថាការបំពេញការងាររបស់តំណាងរាស្ត្រទាំងអស់នឹងមិនក្បត់ចំពោះប្រយោជន៍ជាតិ និងប្រជាជន ដើម្បីប្រយោជន៍របស់ជនបរទេសនោះឡើយ៕