(ភ្នំពេញ)៖ អតីតប្រធានគណបក្សអំណាចខ្មែរ លោក​​​​ សួន សេរីរដ្ឋា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះបានចេញមុខរិះគន់ លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ដែលបាននិយាយកុហកប្រជាពលរដ្ឋថា ឆ្មាំគុកបានវាយធ្វើបាបរូបលោក (គឹម សុខ) គ្រាដែលលោកនៅជាទណ្ឌិត ជាប់ពន្ធនាគារ។ លោក សួន សេរីរដ្ឋា បានចាត់ទុកការប្រឌិតព័ត៌មានរបស់ លោក គឹម សុខ គឺធ្វើឡើងដើម្បីទាញយកប្រជាប្រិយភាពពីសាធារណជនតែប៉ុណ្ណោះ។

ការរិះគន់របស់ អ្នកនយោបាយរូបនេះ ទៅលើអ្នកវិភាគលោក គឹម សុខ បានធ្វើឡើងបន្ទាប់ពីលោក គឹម សុខ ប្រាប់ទៅវិទ្យុបរទេសថា រូបលោក (គឹម សុខ) ត្រូវបានឆ្មាំពន្ធនាគារវាយធ្វើបាប ពេលនៅជាប់ឃុំ​ក្នុងពន្ធនាគារព្រៃស។ មិនតែប៉ុណ្ណោះ​លោកអះអាងថា ពេលជាប់ឃុំនៅក្នុងពន្ធនាគារ គេ​មិន​អនុញ្ញាត​ឲ្យ​រូបលោកអាន​សៀវភៅ​ ​កាសែត​ ​ឬ ​កាន់ប៊ិចសរសេរ​នោះទេ។

លោក សួន សេរីរដ្ឋា ដែលទើបនឹងចេញពីពន្ធនាគារកាលពីពេលថ្មីនេះៗ បានហៅការត្អូញត្អែររបស់លោក កឹម សុខ ថា ជារឿងប្រឌិតខុសពីការពិតទាំងស្រុង។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ពលរដ្ឋខ្មែរ គួរនាំគ្នាពិចារណា និងស្វែងរកការពិតឲ្យឃើញ មុននឹងជឿអ្វីមួយ...។ បើគ្រាន់តែរឿងខ្លួនឯង ដែលជាប់ពន្ធនាគារនោះ ក៏និយាយភូតកុហកអ្នកខាងក្រៅ ដើម្បីទាញយកការអាណិត ទាញយកការស្រលាញ់ ដោយវប្បធម៌បង្កើតរឿងមិនពិតបែបនេះ សួរថាតើវិភាគសង្គមនយោបាយបែបម៉េច»?

លោកថ្លែងថា «គាត់ (លោក គឹម សុខ) ជាប់គុកបន្ទប់ជាប់ខ្ញុំរហូតតាំងពីនៅអគារ A រហូតដូរមកអគារ B ។ អគារនុរក្សមិនដែលវាយដំធ្វើបាបទេ ព្រោះយើងជាអ្នកទោសនយោបាយ និងជាអ្នកទោសមនសិកា។ យើងអាចទិញកាសែតមើល និងអាចទិញទូរទស្សន៍ដាក់មើលបាន តែយើងគ្មានសិទ្ធិប្រើទូរស័ព្ទ និងអ៊ីនធើណែតទេ។ តែដល់មកនិយាយខាងក្រៅថា ឆ្មាំគុកវាយធ្វើបាប ប្រើអំពើហឹង្សាលើគាត់ ដោយខុសពីការពិតបែបនេះ វាជារឿងមួយដែលខ្ញុំហៅថា "បង្កើតរឿងភូតកុហក" ដើម្បីធ្វើខ្លួនឲ្យអ្នកមិនដឹងរឿងពិត ជួយខឹង ជួយអាណិត និងជួយស្អប់»

លោក សួន​​ សេរីរដ្ឋា បានបញ្ជក់បន្ថែមថា «ដើម្បីជួយជាតិ ជួយពលរដ្ឋ សូមអ្នកដែលគេហៅថា អ្នកវិភាគនោះ ហ៊ាននិយាយបង្ហាញត្រឹមការពិតបានហើយ កុំបំភ្លើស។ ស្អប់ខ្ញុំ ក៏ស្អប់ចុះ ព្រោះខុសខ្ញុំថាខុស ត្រូវខ្ញុំថាត្រូវ»

សូមបញ្ជាក់ថា លោក គឹម សុខ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីអនុវត្តទោសចប់សព្វគ្រប់ ពោលបានជាប់ពន្ធនាគារ អស់រយៈពេលប្រមាណ ១៨ខែ។ លោក គឹម សុខ កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ២០១៧កន្លងទៅ ត្រូវបានចៅក្រម​ជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញទ្ធី សម្រេច​ផ្ដន្ទាទោសដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ប្រាក់ចំនួន ៨លាន​រៀល រួម​នឹង​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់​ដើមបណ្តឹង ៨០០​លាន​រៀល ក្រោមការចោទប្រកាន់ពី​បទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍។

ការផ្តន្ទាទោសនេះ ធ្វើឡើងតាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្ស​ប្រជាជន​កម្ពុជាថា ​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក កែម ឡី៕