(ភ្នំពេញ)៖ ម្ចាស់ជើងឯកមេដាយមាសទាំង២របស់កម្ពុជា ដែលទើបដណ្តើមបានមេដាយមាស២គ្រឿង និងសំរិទ្ធមួយគ្រឿងក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ត្រូវបានអញ្ជើញឲ្យទៅទស្សនា និងចែករំលែកបទពិសោធន៍ ក្នុងការប្រកួតដណ្តើមមេដាយមាសជូនកម្ពុជា ជាមួយនិស្សិត សាស្រ្តាចារ្យ និងគណៈគ្រប់គ្រង នៅសាកលវិទ្យាល័យ AUPP រាធានីភ្នំពេញ។
ក្រោយពីបានទស្សនាបរិក្ខារសិក្សា និងតារាងបាល់ទាត់ទំហំ FIFA វរកីឡាការនី ខាន់ ចេសា ម្ចាស់មេដាយមាសកីឡាជឺជិតស៊ូ និងវរកីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាប្រណាំងម៉ូតូទឹក និងលោក វ៉ាត់ ចម្រើន អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិក បានទទួលការ ស្វាគមន៍ន់យ៉ាងកក់ក្តៅពីសំណាក់សាកលវិទ្យាធិការ សាកលវិទ្យាធិការង សាស្រ្តាចារ្យ និងនិស្សិតសាកលវិទ្យាល័យ AUPP។
លោកសាស្រ្តាចា្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP បានថ្លែងថា «AUPP សូមចូលរួមអបអរសាទរ ចំពោះស្នាដៃដ៏ថ្លៃថ្លារបស់ក្មួយៗទាំង២ សម្រាប់កម្ពុជា។ នេះបញ្ជាក់ឱ្យឃើញថាកម្ពុជា មានធនធានប្រកបដោយសក្កដានុពលជាច្រើន សម្រាប់ការប្រកួតប្រជែងផ្សេងៗនៅលើឆាកអន្តរជាតិ»។
ក្នុងការទស្សនាសាកលវិទ្យាល័យដែលធំហើយប្រណីតជាងគេ នៅកម្ពុជានេះដែរ វរកីឡាការនី ចេសា បានថ្លែងទៅកាន់និស្សិត សាកលវិទ្យាល័យ AUPP ថា «មេដាយមាសដែលខ្លួនទទួលបានមកនេះមិនមែនសម្រាប់តែខ្លួន និងក្រុមគ្រួសារប៉ុណ្ណោះទេ តែសម្រាប់មុខមាត់កម្ពុជាទាំងមូល»។
ក្នុងបរិបទអប់រំវិញ AUPP បានកំពុងចូលរួមយ៉ាងសកម្មក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់បំផុត ដែលមានការប្រកួតប្រជែង ទាំងក្នុងស្រុកនិងក្រៅស្រុក។ AUPP ក៏ចូលរួមលើកទឹកដល់និស្សិត មាតាបិតា និងអាណាព្យាបាលចូលរួមលើកកម្ពស់ វិស័យកីឡានៅកម្ពុជាឱ្យបានកាន់តែប្រសើរ។
AUPP មិនត្រឹមតែផ្តល់នូវការអប់រំដ៏ល្អទេ ថែមទាំងអនុញ្ញាត្តឱ្យនិស្សិតចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកីឡាតាមរយៈក្លឹបកីឡាជាច្រើន៕