(កណ្តាល)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា រួមដំណើរជាមួយដោយសមាជិកសមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុ សាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាស្រុក នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ បាននាំយកសម្ភារ និងថវិការបស់សាខាទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេសរុបចំនួន៣១៦គ្រួសារ ស្មើនឹង១,១៥៤នាក់ ទៅដល់លំនៅឋានរបស់ប្រជាពលរដ្ឋរងគ្រោះផ្ទាល់ នៅតាមភូមិនានា នៃឃុំចំនួន៥ ក្នុងនោះមាន៖ ឃុំព្រែកតាទែន ,ឃុំពញាឮ, ឃុកំពង់លួង, ឃុំកោះចិន និងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

លោក គង់ សោភ័ណ្ឌ ក្នុងនាមលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខាបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹកក្រៃលែង។ លោកប្រធានបានបន្តថា ជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានគិតគូរជានិច្ចរាល់សុខទុក្ខប្រជាពលរដ្ឋទូទៅ ដែលមានជីវភាពទីទ័លក្រ ខ្វះខាត អ្នកងាយរងគ្រោះ ពិសេសអ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់នូវវណ្ណៈ ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលជាអាណាព្យាបាលទាំងអស់ត្រូវប្រុងប្រយ័ត្នជានិច្ច និងការពារឲ្យបានខ្ពស់បំផុត ពិសេសចំពោះកុមារតូចៗដែល ពុំទាន់ចេះហែលទឹក ព្រោះថាពេលនេះ ទឹកទន្លេកំពុងឡើងខ្លាំងលិចភូមិឋានប្រជាពលរដ្ឋអស់ហើយ ដូចនេះវាងាយនឹងជួបនូវឧទ្ទវហេតុផ្សេងៗ ដូចជាគ្រោះលង់ទឹកស្លាប់ជាដើម។

លោកបានបន្តថា ម៉្យាងទៀតសូមសំណូមពរឲ្យបងប្អូន មេត្តាប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវអនាម័យ៣ប្រការរួមមាន៖ ការហូបស្អាត ការផឹកស្អាត និងការរស់នៅស្អាត ធ្វើបែបនេះ ក្នុងគោលបំណងបញ្ចៀសឲ្យបានរាល់ជំងឺផ្សេងៗ កុំឲ្យកើតមានឡើង នៅក្នុងក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋយើងជាដាច់ខាត។

សូមបញ្ជាក់ថា ក្រោយពីសាកសួររួច ក្រុមការងារបានរួចបន្តចុះផ្តល់អំណោយ ទៅដល់ដៃប្រជាពលរដ្ឋដោយផ្ទាល់ តាមខ្នងផ្ទះ និងតាមទីទួលសុវត្ថិភាព នៅក្នុងភូមិ នៃឃុំគោលដៅនីមួយៗ ខាងលើ ក្នុង១គ្រួ សាររួមមាន៖អង្ករ៣០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ត្រីខកំប៉ុង១យួរ និងថវិកាចំនួន៥០,០០០រៀល៕