(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ និងលោក វ៊ី សំណាង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ រួមដំណើរដោយប្រតិភូចិនតំណាងឱ្យសាខាកាកបាទក្រហមចិន ខេត្តក្វាងស៊ី ចុះសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលប្រឈមនឹងជំងឺគ្រុនចាញ់-គ្រុនឈាម ចំនួន ៧៥៥គ្រួសារ ដែលរស់នៅស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ពិធីនេះរៀបចំឡើងនៅទីតាំងពីរកន្លែងផ្សេងគ្នាគឺ ទីតាំងទី១ នៅវត្តជ្រាវ ឃុំអមលាំង ស្រុកថ្ពង ដែលមានប្រជាពលរដ្ឋទទួលអំណោយចំនួន ៤២៣គ្រួសារ និងទីតាំងទី២ នៅសាលាបឋមសិក្សាល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ មានប្រជាពលរដ្ឋ ៣៣២គ្រួសារ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រីអគ្គលេខាធិការរងទី ១ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសារអំពាវនាវរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានខ្លឹមសារថា សូមបងប្អូនត្រូវយកចិត្តទុកដាក់ថែទាំសុខភាពរស់នៅប្រចាំថ្ងៃ ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសូមសម្អាតបរិស្ថានឱ្យបានស្អាត បំបាត់ទឹកដក់ សំរាមស្អុយរលួយ ជៀសវាងការកើតជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ។ ចំពោះអ្នកមានបញ្ហាសុខភាព ឬស្រ្តីមានផ្ទៃពោះ ត្រូវត្រៀមខ្លួនរកកន្លែងជិតមណ្ឌលសុខភាព ដើម្បីព្យាបាល ឬសម្រាលកូនបានទាន់ពេលវេលា។ ទន្ទឹមនេះ សូមប្រជាពលរដ្ឋទាំងអស់ គិតគូរពីសុវត្ថិភាពចរាចរណ៍ និងប្រុងប្រយ័ត្នជានិច្ចរាល់ពេលធ្វើដំណើរ។
តាមរយៈក្រុមការងារ ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋពេលដែលមានទុក្ខលំបាក ដោយមិនរើសអើង ជាតិសាសន៍ វណ្ណៈ ពណ៌សម្បុរ ឬប្រកាន់និន្នាការនយោបាយឡើយ។
អំណោយដែលត្រូវចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន ៖ មុងសុវត្ថិភាព ១ អាវយ៉ឺត ១ និងថវិកាសម្រាប់ការធ្វើដំណើរ (មុងសុវត្ថិភាព ជាអំណោយសាខាកាកបាទក្រហមចិន ខេត្តក្វាងស៊ី)។ ដោយឡែកសម្រាប់លោកយាយ លោកតាចំនួន ២៥នាក់ ក្នុងម្នាក់ៗទទួលបានបន្ថែមនូវ ខោ ឬសំពត់សឹង ១ និងអាវ ឬអាវប៉ាក់ ១ និងថវិកាចំនួន ១ម៉ឺនរៀល ជាអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ៕