(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារធំថ្មី និងហាងលក់ទំនិញមួយចំនួនក្នុងខណ្ឌដូនពេញ ដើម្បីចុះត្រួតពិនិត្យទំនិញនិងស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ ចែកចាយ លើទីផ្សារកាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។
មន្ត្រីកាំកុងត្រូលបានឲ្យដឹងថា ប្រតិបត្តិការនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ទៅលើទំនិញ ដូចជា៖ អំបិលអីយ៉ូដ សរសៃមីលឿង លត គុយទាវសរសៃធំ ប្រហិតសាច់គោ ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក ដោយជាលទ្ឋផលពុំឃើញមានសារធាតុគីមីហាមឃាត់ទេ ក្រោយពីការត្រួតពិនិត្យយើងក៏បានយកគំរូបន្លែមួយចំនួនបញ្ជូនទៅមន្ទីរ ពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកនៅសារធាតុគីមីហាមឃាត់ផ្សេងទៀត។
ជាមួយគ្នានោះ ក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារធាតុពុល និង ម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើមផងដែរ។
លោកក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ឈប់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
មន្ត្រីដដែលបន្តថា សកម្មភាពទាំងនេះធ្វើឡើងតាមបទបញ្ជា ប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ដែលគិតអំពីសុវត្ថិភាព និងសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ហើយសកម្មភាពនេះគឺបានធ្វើឡើងដូច ភ្លៀងរលឹមយ៉ាងដូច្នេះដែរ៕